(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញរូបថតប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដែលមួយថតនៅឆ្នាំ១៩៨៩ កាលនោះសម្ដេចមានអាយុ៣៧ឆ្នាំ និងមួយទៀត ថតនៅឆ្នាំ២០២៣ គ្រាដែលសម្ដេចមានអាយុ៧១ឆ្នាំ។

ក្រៅពីការបង្ហាញរូបថតហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ជាមួយសំណួរថា «ខុសគ្នាយ៉ាងណា?» ដែលទំនងសម្ដេចចង់សំដៅឲ្យប្រជាពលរដ្ឋប្រៀបធៀប សម្រស់នៅពេលដែលសម្ដេចកំពុងស្ថិតក្នុងវ័យកណ្ដាល និងសម្រស់របស់សម្ដេចនៅពេលបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «រូបថតកាលពីឆ្នាំ១៩៨៩ ដែលពេលនោះអាយុ៣៧ឆ្នាំ និងរូបថតថ្ងៃនេះ ឆ្នាំ២០២៣ ពេលមានអាយុ៧១ឆ្នាំខុសគ្នាយ៉ាងណា?»

ក្រោយការបង្ហោះអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានបញ្ចេញមតិតាមរយៈ Comment ថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ប៉ុន្ដែភាពសង្ហារបស់សម្ដេចមិនខុសគ្នានោះទេ។ អ្នកខ្លះទៀត បានលើកឡើងថា កាលពីសម្ដេចនៅក្មេងសង្ហាមួយបែប លុះពេលចាស់ទៅក៏នៅតែសង្ហាបែបចាស់ ប៉ុន្ដែអ្វីដែលមិនប្រែប្រួលនោះ គឺ «ភាពមានមេត្ដាធម៌» របស់សម្ដេចតែម្ដង៕