(ភ្នំពេញ)៖ ឯកអគ្គរដ្ឋអាល្លឺម៉ង់ ដែលទើបចប់អាណត្តិលោក Joachim Baron Von Marschall បានថ្លែងថា លោកពេញចិត្តខ្លាំងនៅ ពេលបំពេញការងារនៅប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ការបញ្ជាក់របស់លោក Joachim Baron Von Marschall បានស្តែងឡើងក្នុងពេលដែលរូបលោកចូលជួប និងជម្រាបលាលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបជាមួយលោក ប្រាក់ សុខុន លោក Joachim Baron Von Marschall ក្រៅពីការបង្ហាញក្តីពេញចិត្តពេល បំពេញការងារ នៅកម្ពុជាហើយនោះ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា ក្នុងពេលបំពេញការងារនៅកម្ពុជា លោកមានអនុស្សាវរីយ៍ និងទទួលបានបទពិសោធន៍ ការងារជាច្រើនថែមទៀត។
មុនពេលចាកចេញពីកម្ពុជា លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចាប់អាណត្តិ ក៏បានសម្តែងក្តីរំពឹងទុកថា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន នឹងគាំទ្រដល់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជាថ្មី ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មការទូត ហើយជួយឲ្យទំ នាក់ទំនងការទូតកាន់តែល្អប្រសើរ។
ក្នុងជំនួបនារសៀលថ្ងៃនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះប្រទេសអាល្លឺម៉ង់ ដែលតែងតែស្ថិតនៅ ជាដៃគូដ៏ល្អក្នុងការស្ថាបនាកម្ពុជាឡើងវិញ ហើយក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការកែទម្រង់សាធារណៈ អភិបាលកិច្ចល្អ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខស្បៀង៕