(រតនគិរី)៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ របស់គណៈកម្មាធិការខេត្តរតនគិរី។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងសាលប្រជុំលោកព្រឹទ្ធាចារ្យ ប៊ូ ថង ដោយមានការអញ្ជើញចូលរួមពីលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការបក្សខេត្ត, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី, លោក លោកស្រីសមាជិកអចិន្ត្រៃយ៍, សមាជិកគណៈកម្មាធិការបក្សខេត្តជាច្រើនរូប។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក, នាយឧត្តមសេនីយ៍ ជៀង អំ បានពាំនាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្លែងអបអរសាទរ កោតសរសើរដល់កិច្ចខិតខំរួមគ្នាឈរលើស្មារតីទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ទូទាំងខេត្តរតនគិរី។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជៀង អំ បានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខ បានបន្តថែរក្សាសន្តិសុខ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នលើគ្រប់វិស័យតាមរយៈមាគ៌ានយោបាយដ៏ត្រឹមត្រូវ ស្តារ និងលើកស្ទួយបាននូវមហាកិត្តិយសជាតិល្បីរន្ទឺនៅលើសកលលោក គឺការគ្រប់គ្រងបានទាំងស្រុងនូវវិបត្តិជំងឺកូវីដ១៩ ការរៀបចំកិច្ចប្រជុំអាស៊ាន ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ (32nd SEA Games) ដែលជាសមិទ្ធផលរួមកើតចេញពីមហាសាមគ្គីដ៏រឹងមាំរបស់ប្រជាជាតិ។

នាយឧត្តមសេនីយ៍ ជៀង អំ បានអំពាវនាវដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តសកម្មភាពរបស់ខ្លួនតាមផែនការដែលបានដាក់ចុះ «សមាជិកម្នាក់ សម្លេងគាំទ្រ១សម្លេង» បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ដើម្បីដណ្តើមបានជ័យជន្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បន្តរក្សាបាននូវសន្តិភាព ស្ថេរភាព និងបន្តការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែរ គឺបានគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំខាងលើបានប្រកាសសមាសភាពលោក លឹម សម្បត្តិ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូរយ៉ាដាវ ផងដែរ៕