(កោះកុង)៖ លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ ត្រូវបានប្រកាសតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបូទុមសាគរជំនួស លោក ហាក់ ឡេង អភិបាលស្រុកចាស់ និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ចំនួន២១៣នាក់ (ស្រី១០១នាក់)ផងដែរ។

ពិធីប្រកាសកែសម្រួលប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកបូទុមសាគរ និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាឃុំអណ្តូងទឹក បានរៀបចំឡើងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រី មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង រួមទាំងក្រុមការងារគណបក្សថ្នាក់កណ្តាលថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំទាំង៤ ព្រមទាំងសមាជិកសមាជិកាគណបក្សជាច្រើនរូបរួមទាំងសមាជិកសមាជិការថ្មីចំនួន២១៣នាក់ផងដែរ។

លោក ក្រូច បូរីសីហា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្មី បានថ្លែងឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តដ៏ធំធេងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងដឹងគុណចំពោះគុណនព្វការៈដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តមនេះលោកសូមប្តេជ្ញាចិត្ត ពង្រឹងតួនាទីក្រុមការងារយុវជនគណបក្សស្រុកជាជំនួយការស្រុក លើការងារបំផុសបំផុលចលនាយុវជនឲ្យគាំទ្របុព្វហេតុដ៍ត្រឹមត្រូវរបស់គណបក្ស ហើយក្តាប់ជាប់កម្មវិធីនយោបាយ និងសេចក្តីចិត្តនានារបស់គណបក្សទៅដល់យុវជនគ្រប់ស្រទាប់ សំដៅលើកកំពស់ស្មារតីភ្ញាក់រលឹកជឿជាក់លើការដឹកនាំរបស់គណបក្សហ៊ានការពារគណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយរៀបចំយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិដែលរៀបចំដោយគណបក្ស អង្គការនានា និងខិតខំបំពាក់បំប៉នយុវជនឲ្យក្លាយជាតំណាងគណបក្ស ដើម្បីចូលរួមវេទិការនានាជាពិសេសរាលការឃោសនាបោះឆ្នោត និងខិតខំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យគាត់បានយល់កាន់តែច្បាស់ចំពោះសន្តិភាព មានគណបក្សប្រជាជនកម្ពុជាទើបប្រទេសយើងមានសន្តិភាព។

ក្នុងឱកាសនេះលោកស្រី មិថុនា ភូថង បានថ្លែងថា លោកស្រីមានសេចក្តីសោមនស្សរីករាយក្រៃលេងដោយក្មួយៗប្អូនៗយុវជន មានភាពជឿជាក់ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានស្ម័គ្រចិត្តសម្រេចចូលជាសមាជិក គណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុតគឺមានតែគណបក្សប្រជាជនតែ១គត់ ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាម និងអនុវត្តន៍នយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសបញ្ចប់សង្រ្គាម ខិតខំស្តារ និងខិតខំអភិវឌ្ឍន៍លើកគ្រប់វិស័យរហូតមានការរីកចំរើនហួសពីការនឹកស្មានរហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកស្រី មិថុនា ភូថង បានបន្ថែមថា សន្តិភាព ធ្វើឲ្យប្រទេសមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការរស់នៅនឹងការដំណើរកំសាន្តមានជីវភាពធូរធា ក្នុងក្រុមគ្រួសារជួបជុំគ្រួសារដោយក្តីញញឹម និងមានភាពល្បីល្បាយមានកេរ្តិ៍ឈ្មោះនៅលើឆាក់អន្តរជាតិថែមទៀតផង ទាំងអស់នេះហើយគឺកើតចេះពីគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ៕