(ស្វាយរៀង)៖ លោកបណ្ឌិត សៅ សុវណ្ណី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករំដួល ខេត្តស្វាយរៀង​ បានជំរុញឲ្យសមាជិកសមាជិកាបក្សទាំងអស់ បន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផល នានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំឱ្យក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិទាំងអស់ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីទទួលបានសុខសន្តិភាព ការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ទៀតផងដែរ។

កាថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែលលោកបណ្ឌិត សៅ សុវណ្ណី បានអញ្ជើញចូលរួមសំណេះសំណាលជាមួយប្រធាន អនុប្រធានសាខាបក្សភូមិ នៅក្នុងឃុំបុសមន នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សឃុំបុសមន។

ក្នុងឱកាសនោះលោកបណ្ឌិត សៅ សុវណ្ណី បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់លោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខាបក្សភូមិសទាំងអស់ផងដែរ។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារនិងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះលោកបណ្ឌិត សៅ សុវណ្ណី បានរំលេចថា សមិទ្ធផលជាច្រើននៅក្នុងខេត្តស្វាយរៀង មានទាំងរោងចក្រសហគ្រាសដែលបង្កើតឲ្យមានការងារធ្វើដល់កម្មករ កម្មការិនី និយោជិក រាប់ម៉ឺននាក់នេះ ក៏ដោយសារ ប្រទេសជាតិយើងមានសុខសន្តិភាព ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឲ្យគង់វង្សយូរអង្វែងជានិរន្តមិនឱ្យបុគ្គលណាម្នាក់មកបំផ្លាញបានឡើយ។

លោកបន្តថា គណបក្សប្រជាជនកម្ពុជា មិនដែលមានប្រវត្តិរត់ចោលពលរដ្ឋម្តងណាឡើយ ផ្ទុយទៅវិញក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន តែងតែគិតគូរពីសុខទុកពលរដ្ឋជាខ្លាំង រួមសុខរួមទុកជាមួយប្រជាជន ទោះក្នុងកាលៈទេសៈណាក៏ដោយ សម្តេចមិនដែលទុកបងប្អូនពលរដ្ឋចោលឡើយ ពោលគឺតែងតែចាត់ក្រុមការងារចុះទៅមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយបញ្ហាដែលជួបប្រទះភ្លាមៗផងដែរ។

នៅក្នុងឱកាសនោះ លោកបណ្ឌិតបានប្រគាល់ថវិកាចំនួន១២លានរៀល ដល់គណបក្សឃុំដើម្បីចាត់ចែងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាមុខនេះ ព្រមទាំងឧបត្ថម្ភដល់សមាជិកបក្សក្នុងម្នាក់ៗទទួលបានក្រមា១ផងដែរ៕