(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានថ្លែងថា អ្នកចង់បានអំណាចមិនតាមប្រជាធិបតេយ្យ គឺសម្តេចត្រូវបង្ក្រាបទាំងអស់។
ពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា អ្នកអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបង្វែរកាណុង និងឱ្យប្រជាពលរដ្ឋងើបប៉ះបោរជាការដណ្តើមអំណាចមិនស្របតាមគន្លងប្រជាធិបតេយ្យនោះឡើយ។
«ពួកលោកឯងប្រើប្រាស់វិធីសាស្ត្រមិនប្រជាធិបតេយ្យចង់ចង់បានអំណាច ចង់ឲ្យគេសម្លាប់ ហ៊ុន សែន ចង់ឲ្យគេចាប់ ហ៊ុន សែន ចង់ឲ្យកម្លាំងប្រដាប់អាវុធបែរចុងកាណុងមកបាញ់ ហ៊ុន សែន។ តើអ្នកឯងយល់យ៉ាងម៉េច។ នេះជាវិធីដើម្បីដណ្តើមអំណាច ក្នុងដំណើរមិនមែនប្រជាធិបតេយ្យដែលមិនត្រូវអត់ឱនទេ ពួកជ្រុលនិយមនេះ គឺមិនត្រូវអត់ឱនទេ បើមិនអញ្ចឹងប្រទេសយើង នឹងរងគ្រោះសាជាថ្មីម្តងទៀត»។ នេះបើតាមប្រសាសន៍សម្តេចតេជោ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រក្សាសន្តិភាពឱ្យបាន ទើបមានការអភិវឌ្ឍ។ មានតែអ្នកដែលប្រឹងរកសន្តិភាព ទើបជាអ្នកប្រឹងប្រែងការពារសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា សម្តេចមិនធ្វេសប្រហែសនឹងជោគវាសនាជាតិនោះឡើយ ទោះបីជនបរទេសនិយាយបែបណាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវកម្មករ និយោជិត នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណកម្មករ និយោជិត ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អ្នកការពារសុខសន្តិភាព៕