(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ពិធីចុះហត្ថលេខានេះធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ច តំណាងដោយលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តំណាងដោយអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ក្នុងក្របខណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមអនុវត្តដល់សមាជិក-សមាជិការបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលជាស្ថាបនិក សហគ្រិន និងធុរជនមានសក្តានុពល និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពធុរកិច្ចក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសហគ្រិន និងធុរជនទាំងអស់អាចយល់បានពីយន្តការប្រតិបត្តិការបរធនបាលកិច្ច មានលទ្ធភាពសមស្របដើម្បីរៀបចំខ្លួនចូលរួមអនុវត្ត និងទាញយកផលប្រយោជនពីប្រតិបត្តិការបរធនបាលកិច្ច ក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយជាសាធារណៈ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការចូលរួមពីលោក ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងឱ្យនិយ័តករទាំងអស់ក្រោមឱវាទរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. អនុប្រធាន ជាសមាជិក-សមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ៕