(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានបន្តចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន២១៨គ្រួសារ មកពីភូមិព្រែកព្នៅ ភូមិផ្សារលិច និងភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនេះ លោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

មានមតិសំណេះសំណាលនាពេលនោះ លោកអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះលោក ធឹម សំអាន សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

លោកអភិបាលខណ្ឌ ក៏បាន​ក្រើនរំលឹកដល់ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវមានការប្រុងប្រយ័ត្ន​ ​ចំពោះសម្ភារ ក៏ដូចជា​កត្តាផ្សេង​ៗ ដូចជា​ពិនិត្យមើលទៀន​ ធូប​ មុននិងចេញដំណើរចាកចេញពីផ្ទះ​ ដើម្បីកុំឲ្យមានការឆាបឆេះបង្កើតជាអគ្គីភ័យ ​ដែលបានកើតឡើងជាយថាហេតុ​។

អំណោយដែលលោក ធឹម សំអាន នាំយកទៅចែកនាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី០១កេស ទឹកត្រី ១យួរ និងថវិកា ២០.០០០រៀល៕