(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវកម្មករ និយោជិតទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បើគិតទៅវានៅសល់តែត្រឹមតែ២ខែទៀតទេ ការបោះឆ្នោតនឹងមកដល់ ខ្ញុំសូមអំពាវនាវបងប្អូនទាំងអស់ទៅចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសតំណាងដែលពេញចិត្ត ហើយខ្ញុំក៏សូមអរគុណរយៈពេលកន្លងទៅ ខ្ញុំដឹងថាសន្លឹកឆ្នោតក៏បានចេញពីសំណាក់កម្មករ កម្មការិនី និងក្រុមគ្រួសារយ៉ាងច្រើន ដែលគាំទ្រដល់គណបក្សប្រជាជនកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា អ្នកដែលស្វែងរកសន្តិភាព អ្នកដែលការពារសន្តិភាព និងដែលមានលទ្ធភាពការងារសន្តិភាពពិតប្រាកដ គ្មានអ្នកណាក្រៅពីគណបក្សប្រជាជនកម្ពុជាទេ ហើយប្រជាពលរដ្ឋក៏បាន ដឹងច្បាស់ដែរថា អ្នកណាជាអ្នកបំផ្លាញសន្តិភាពនោះ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់កម្មករ និយោជិត ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព ហើយថៅកែ និងកម្មករ និយោជិតតាមរោងចក្រនានា រួមគ្នាថែរក្សាភាពសុខដុម។
គួរឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន១៨ លើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ដោយឡែកគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បានដិសេធមិនចុះបញ្ជីដោយសារមិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងច្បាប់កំណត់។ បន្ថែមពីនេះ គ.ជ.ប ក៏បានសម្រេចយកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត៕