(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យថៅកែរោងចក្រសហគ្រាស និងកម្មករ/កម្មការិនីត្រូវរួមសហការគ្នាដើម្បីធ្វើឱ្យរោងចក្រ កន្លែងធ្វើការមានសុខដុមរមនីយ បង្កើតផលិតភាព បង្កើនប្រាក់ចំណូល និងស្ថិរភាពនៃការវិនិយោគ ពីព្រោះកម្មករក៏ត្រូវការថៅកែមកវិនិយោគបង្កើតការងារឱ្យធ្វើ ឯថៅកែរោងចក្រក៏ត្រូវការកម្មករដើម្បីបម្រើការវិញដែរ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិត​សរុបចំនួន ១៩,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន៨១ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចតេជោ បានឱ្យដឹងថា ប្រសិនបើគ្មានការវិនិយោគទេ កម្មករ/កម្មការិនីប្រហែលនៅធ្វើស្រែចម្ការ ឬលក់ដូរតូចតាចប៉ុណ្ណោះ មិនមែនជាកម្មករដែលទទួលបានប្រាក់បៀវត្សតិចបំផុត២០០ដុល្លារនេះឡើយ។ ប្រសិនបើគ្មានសន្តិភាពនៅពេលបច្ចុប្បន្ននេះទេ ក៏គ្មានឱកាសសម្រាប់ទាក់ទាញវិនិយោគមកក្នុងប្រទេសកម្ពុជានោះឡើយ។

សម្ដេចតេជោបានបន្តថា សូម្បីតែលោក វ្លាឌីមៀរ លេនីន បិតាស្ថាបនិកអតីតសហភាពសូវៀត ឬរបបសង្គមនិយមកុំម្មុយនីស្តនៅឆ្នាំ១៩១៧នោះ លោកបានសរសេរនៅក្នុងគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់ខ្លួននៅឆ្នាំ១៩២១ ដោយបានបញ្ជាក់ថា «ប្រសិនបើគ្មាននាយទុន កម្មករនឹងជួបការលំបាក» សូម្បីតែមេរបបកុំម្មុយនីស្តក៏ទទួលស្គាល់តួនាទីរបស់ពួកថៅកែ ឬពួកអ្នកមានដែរ ក្នុងន័យនេះគាត់ចង់សំដៅថា ប្រសិនបើគ្មានពួកអ្នកមាន ពួកថៅកែទេ អត់មាននាយទុនទេ កម្មការនឹងលំបាក, បើអត់មាននាយទុនទៅបង្កើតរោងចក្រទេ តើកម្មករបានការងារឯណាធ្វើ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា កម្ពុជាមិនបានប្រើទ្រឹស្ដីរបស់លេនីននេះទេ ក៏ប៉ុន្តែដោះស្រាយការងារតាមការជាក់ស្ដែង តួយ៉ាងនៅប្រទេសកម្ពុជា ប្រសិនបើគ្មានថៅកែរោងចក្រ កម្មករ/កម្មការិនីក៏គ្មានការងារធ្វើដែរ​ ប៉ុន្តែរាជរដ្ឋាភិបាលក៏បញ្ជាក់ត្រឡប់ទៅវិញដែរថា​ ប្រសិនបើធ្វើរោងចក្រហើយ អត់កម្មករទេ វាគ្រាន់តែជាម្ចាស់ឃ្លាំងប៉ុណ្ណ៉ោះ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ថៅកែត្រូវគិតពីសុខមាលភាពរបស់កម្មករ ផ្ដល់ផលប្រយោជន៍ជូនកម្មករ នោះកម្មករនឹងមានសុខភាពល្អ និងខិតខំធ្វើការដើម្បីឱ្យផលិតភាពកើនឡើង ប្រាក់ចំណេញរបស់រោងចក្រកើនឡើង។ មួយវិញទៀត ការបង់ពន្ធជូនរដ្ឋដើម្បីផលប្រយោជន៍សាធារណៈក៏នឹងកើនឡើងដូចគ្នាដែរ៕