(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ដអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិតសរុបចំនួន ១៩,០០០នាក់។
កម្មករ និយោជិតទាំងអស់នេះ មកពីរោងចក្រ សហគ្រាស ចំនួន៨១ ក្នុងនោះរោងចក្រវិស័យកាត់ដេរ ចំនួន១៣ និងក្រៅពីកាត់ដេរ ចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់។
ជំនួបសំណេះសំណាលនេះធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ជំនួបសំណេះសំណាលនៅថ្ងៃនេះ ជាជំនួបលើកទី៧ហើយ នៅតំបន់សេដ្ឋកិច្ចពិសេសនេះ។
លោករដ្ឋមន្ត្រី ក៏បានឆ្លៀតឱ្យដឹងផងដែរថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។
តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារអាម៉េរិក មានរោងចក្រ សហគ្រាសសរុប៩៨ កំពុងដំណើរការ។ ក្នុងនោះមកអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោងចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សឹង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក ៣រោងចក្រ, កម្ពុជា ៣រោងចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បួង ១រោងចក្រ, ហ្វ៊ីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ) ប្រើប្រាស់កម្មករនិយោជិតសរុប ៤១,៣៧០នាក់ ទំហំទឹកប្រាក់នាំចេញ បានកើនដល់ ៩៧៧លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២។
ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖ បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ, កាត់ដេរសម្លៀកបំពាក់, ផលិតផលអាហារ និងភេសជ្ជៈ, សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត, សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ, ផលិតផលធ្វើពីផ្លាស្ទិក, ផលិតផលធ្វើពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះពុម្ព, កែច្នៃសំណល់, គ្រឿងសម្អាង, ស្បែកជើង, ផលិតផលធ្វើពីស្បែក ២, ផលិតផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ច្នៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជនីយដ្ឋាន ។ល។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី អ៉ិត សំហេង បានអះអាងថា ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ច វិនិយោគ និងឱកាសការងារនិងមុខរបរ ឱ្យកាន់តែប្រសើរឡើង ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួបសំណេះសំណាលជុំទី១ ជាមួយបងប្អូនកម្មករនិយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិតចំនួនប្រមាណ១លាននាក់ និងបានផ្ដល់អនុសាសន៍ចំនួន ១០ចំណុច។
ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ការសំណេះសំណាលត្រូវបានផ្អាក រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្តេចតេជោ បានចុះសំណេះសំណាលជុំទី២ ហើយមកដល់ថ្ងៃនេះបានចំនួន ៣លើក ដែលមានកម្មករនិយោជិតសរុបចំនួនប្រមាណជាង ៦ម៉ឺននាក់ និងនៅសល់កម្មវិធីបន្ដចំនួន ១៦លើកទៀត ដែលនឹងជួបកម្មករនិយោជិតសរុបប្រមាណ២៥ម៉ឺននាក់ទៀត។
បើតាមលោករដ្ឋមន្ដ្រី, កាលពីជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័ន អនុវត្តបានជោគជ័យ។
ក្នុងជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្តេចតេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាលភាពដល់បងប្អូនកម្មការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ៕