(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់នៅថ្ងៃទី១៩ ខែកក្កដានេះថា សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ និងបក្ខពួក ដែលបានប្រកាសអំពីការប្រើប្រាស់កម្លាំង ក្នុងការផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់តាមរយៈបណ្តាញសង្គម Facebook និង Youtube នេះបើតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រតិកម្មរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងបន្ទាប់ពីមាន បុរសម្នាក់ដែលអះអាងថា ខ្លួននៅអង្គភាពទិសនីរតី ចេញមុខមកប្រកាសនៅតាមបណ្តាញសង្គម Facebook និង Youtube ដោយអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួនដើម្បីចូលរួមធ្វើរដ្ឋប្រហារទម្លាក់ រាជរដ្ឋាភិបាលកម្ពុជា នៅពេលដ៏ខ្លីខាងមុខ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ចាត់ទុកថា ការប្រកាសនោះគឺមានលក្ខណៈញុះញ៉ុង និងមានចរិតជាលក្ខណៈកុប្បកម្ម បះបោដោយហិង្សាប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ ហើយលោកបានអំពាវនាវដល់មហាជនទូទៅសូមកុំឲ្យជឿ និងចូលរួមតាកការអំពាវនាវនេះ ដែលជាសកម្មភាពខុសច្បាប់។
នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសការសូមកុំចែកចាយបន្ត សេចក្តីប្រកាសដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលនេះ បើសិនជាបងប្អូនចែកចាយបន្ត នោះមានន័យស្មើនឹងចូលរួមគាំទ្រ សកម្មភាពនេះផងដែរ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ Fresh News រសៀលថ្ងៃទី១៩ ខែកក្កដានេះឱ្យដឹងថា កងទ័ពកម្ពុជានឹងស្វែងរកចាប់ខ្លួនបុរសដែលអំពាវនាវ ឱ្យធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ នាយឧត្តមសេនីយ៍ថា កងទ័ពនឹងប្តូរផ្តាច់ប្រឆាំងដាច់ខាត មិនឱ្យមានបដិវត្ត ឬរដ្ឋប្រហារនៅកម្ពុជាកើតឡើងឡើយ ហើយខ្លួននឹងប្រើវិធានការផ្សេងៗ ដើម្បីការពាររដ្ឋាភិបាលស្របច្បាប់។
នាយឧត្តមសេនីយ៍ថ្លែងថា «ការប្រកាសបែបនេះ វាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ យើងមិនអាចទទួលយកបានទេ យើងនឹងចាត់ការទៅតាមច្បាប់ដែលយើងមាន ហើយយើងមិនអនុញ្ញាតឱ្យនរណាធ្វើរដ្ឋប្រហារបានទេ ព្រោះរដ្ឋាភិបាល នេះបានកើតឡើងដោយការបោះឆ្នោត អញ្ជឹងកងទ័ពមិនអនុញ្ញាតឱ្យនរណាមានសកម្មភាពនេះកើតឡើងទេ» ។
ការប្រកាសដោយអំពាវនាវឱ្យចូលរួមធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់នេះ ត្រូវបានគេឃើញបង្ហោះនៅលើ Facebook មួយឈ្មោះ «សៀមរាប អង្គរ» កាលពីម្សិលមិញ ហើយក៏មានផងដែរជាមួយនឹងការភ្ញាប់ Link ចេញពីគេហទំព័រ Youtube ដែលបង្ហោះកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។
សូមជម្រាបថា កាលពីខែសីហា ឆ្នាំមុន សមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់ ឈ្មោះ គង់ រ៉ៃយ៉ា និស្សិតសាកលវិទ្យាល័យខេមរៈ ដែលបានអំពាវនាវឱ្យធ្វើបដិវត្តពណ៌ ដើម្បីទម្លាក់រាជរដ្ឋាភិបាល។ យុវជននេះក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ដោយគ្មានការព្យួរទោស ឬពិន័យប្រាក់ផងដែរ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»៕