(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានថ្លែងថា ក្រុមប្រឹក្សាគ្រីស្ទបរិស័ទកម្ពុជាសាខាបាត់ដំបង មានបិតិសោមនស្ស និងការប្តេជ្ញាចិត្តខ្ពស់ក្រោយទទួលបានការបណ្តុះបណ្តាលពីបញ្ហាគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ការថ្លែងបែបនេះ ក្នុងឱកាសអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរខេត្តបាត់ដំបង និងបណ្តាញគ្រីស្ទបរិស័ទកម្ពុជា សហការរៀបចំបណ្តុះបណ្តាលពីបញ្ហាគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់គ្រូគង្វាល និងជំនុំ បណ្តាញគ្រីស្ទបរិស័ទកម្ពុជាសាខាខេត្តបាត់ដំបងចំនួន១៦០នាក់។

លោក ទូច សុខា ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជាសាខាបាត់ដំបង បានប្រាប់ឱ្យដឹងក្រោយជំនួបនោះថា ការបណ្តុះបណ្តាលពិតជាបានផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនពីមន្រ្តីជំនាញ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនរាល់ចម្ងល់ត្រូវបានបកស្រាយ និងប្តេជ្ញាយកចំណេះដឹងដែលទទួលបានទៅផ្សព្វផ្សាយក្នុងសហគមន៍ឱ្យបានផុលផុសសំដៅជួយក្រុមគ្រួសារ និងសហគមន៍ចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ការប្តេជ្ញាចិត្តពោរពេញដោយឆន្ទះរបស់គ្រូគង្វាល និងជំនុំចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិតជាអាចកាត់បន្ថយនិងកសាងបាននូវសហគមន៍មួយដែលមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព ពោរពេញដោយភាពសុខសាន្តនិងការអភិវឌ្ឍ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ភាពសុខដុមនីយកម្មក្នុងវិស័យសាសនានាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ ហើយការចូលរួមគ្រប់សមាសភាពក្នុងសហគមន៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិតជាកាត់បន្ថយនិងដោះស្រាយបាននូវបញ្ហាគ្រឿងញៀន «ទូកទៅមុខពឹងច្រវា អនាគតស្រស់ថ្លាមិនពឹងគ្រឿងញៀន»៕