(សៀមរា)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានឧបត្ថម្ភជាលើកទី៥ នូវថវិកាចំនួន ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាម៉េរិក) រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងឱកាសដែល មន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ ដើម្បីរកមូលនិធិសម្រាប់ចូលរួមចំណែកក្នុងការព្យាបាល និងថែទាំសុខភាព កុមារ-ទារក ប្រមាណ ៤០០-៤៥០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។

ក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយលោកស្រី ទៀង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការីទាំងអស់ បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់មន្ទីរពេទ្យកុមារអង្គរ ជាលើកទី៥ ដើម្បីនាំយកនូវអំណោយរបស់កាកបាទក្រហមកម្ពុជា មកប្រគល់ជូននាពេលនេះ។

ទន្ទឹមនឹងនេះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានបញ្ជាក់បន្ថែមថា «ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះការរួមចំណែកជួយព្យាបាលកុមារកម្ពុជា រាប់ម៉ឺននាក់ តាមរយៈការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។ នេះត្រូវជាលើកទី៥ គិតចាប់តាំងពី ឆ្នាំ២០១៩រៀងមក និងការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា នូវថវិកាចំនួន ១លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២ រៀងមក ហើយដែលសម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា កាកបាទក្រហមកម្ពុជា នឹងប្រគល់ថវិកា ១លានដុល្លារ ជាលើកទី១២ នៅថ្ងៃទី ១ ខែមិថុនា ខាងមុខនេះ ដែលត្រូវជាទិវាកុមារអន្តរជាតិ ផងដែរ»។

ទន្ទឹមនឹងនេះ លោកស្រីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការគ្រប់គ្រងស្ថានការណ៍នៃវិបត្តិជំងឺកូវីដ-១៩នៅក្នុងប្រទេស ហើយបាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

បន្ថែមពីនេះ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ផ្តោតលើវិស័យអប់រំ និងវិស័យសុខាភិបាល ដែលគិតគូរពីសុខុមាលភាពរបស់ប្រជាជន ធ្វើយ៉ាងណាឱ្យប្រជាជនមានសុខភាពល្អ ទទួលបានសេវាថែទាំសុខភាពដិតដល់ មានលក្ខណៈងាយស្រួល គ្រួសារមានការរីកចម្រើនក្រោមម្លប់នៃសន្តិភាព។

ជាកិច្ចឆ្លើយតប លោកស្រី វិសាល ម៉ារ៉ៃ នាយករងមន្ទីរពេទ្យកុមារអង្គរ តំណាងឱ្យថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាគ្រួសារប្រជាពលរដ្ឋ ដែលទទួលសេវាសុខាភិបាលពីមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរឧបត្ថម្ភជាបន្តបន្ទាប់ និងសូមថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបន្តឧបត្ថម្ភគាំទ្រ ដល់មន្ទីរពេទ្យកុមារអង្គរ ដែលនេះជាការលើកទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការបន្តបេសកកម្មរបស់ក្រុមគ្រូពេទ្យ ក្នុងការព្យាបាលកុមារនៅកម្ពុជា។

ក្នុងនាមមន្ទីរពេទ្យកុមារអង្គរ លោកស្រី វិសាល ម៉ារ៉ៃ ក៏សូមអំពាវនាវដល់សប្បុរសជនទាំងអស់ សូមបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តជួយសង្គ្រោះដល់កុមារ-ទារកនៅកម្ពុជាយើងបានកាន់តែច្រើនជាងមុន។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ជាលើកទី៥នេះរួមមាន៖ ថវិកា ២ម៉ឺនដុល្លារ, អង្ករ ១តោន, មី ២០កេស, ត្រីខ ២០០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ២០កញ្ចប់, និងអាល់កុល ១០០ប៊ីដុង ស្មើនឹង ៥០០លីត្រ៕