(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា បន្ដអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត​សរុបចំនួន ១៩,០០០នាក់។

កម្មករ និយោជិតទាំងអស់នេះ មកពីរោងចក្រ សហគ្រាស ចំនួន៨១ ក្នុងនោះរោងចក្រវិស័យកាត់ដេរ ចំនួន១៣ និងក្រៅពីកាត់ដេរ ចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់។

ជំនួបសំណេះសំណាលនេះធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រ​ធាន​ក្រុមប្រឹក្សាភិបាល។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង​ថា ជំនួបសំណេះសំណាលនៅថ្ងៃនេះ ជាជំនួបលើកទី៧ហើយ នៅតំបន់សេដ្ឋ​កិច្ច​​ពិសេសនេះ។

លោករដ្ឋមន្ត្រី ក៏បានឆ្លៀតឱ្យដឹងផងដែរថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេ​ញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមាន​ឈ្មោះ​ថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា «តំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។

តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារអាម៉េរិក មានរោងចក្រ សហគ្រាសសរុប៩៨ កំពុងដំណើរការ។ ក្នុងនោះ​មកអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោង​ចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សឹង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក ៣រោងចក្រ, កម្ពុជា ៣រោងចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បួង ១រោង​ចក្រ, ហ្វ៊ីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ) ប្រើប្រាស់កម្មករនិយោជិតសរុប ៤១,៣៧០នាក់ ទំហំទឹកប្រាក់នាំចេញ​ បានកើន​ដល់ ៩៧៧លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២។

ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖ បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និង​គ្រឿង​បង្គុំ, កាត់ដេរសម្លៀកបំពាក់, ផលិតផលអាហារ និងភេសជ្ជៈ, សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត, សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ, ផលិត​ផលធ្វើពីផ្លាស្ទិក, ផលិតផលធ្វើពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះ​ពុម្ព, កែច្នៃសំណល់, គ្រឿងសម្អាង, ស្បែកជើង, ផលិតផលធ្វើពីស្បែក ២, ផលិត​ផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ច្នៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជ​នី​យដ្ឋាន ។ល។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី អ៉ិត សំហេង បានអះអាងថា ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ច វិនិយោគ និងឱកាសការងារនិងមុខរបរ ឱ្យកាន់តែប្រសើរឡើង ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួបសំណេះសំណាលជុំទី១ ជាមួយបងប្អូនកម្មករនិយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិតចំនួនប្រមាណ១លាននាក់ និងបានផ្ដល់អនុសាសន៍ចំនួន ១០ចំណុច។

ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ការសំណេះសំណាលត្រូវបានផ្អាក រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្តេចតេជោ បានចុះសំណេះសំណាលជុំទី២ ហើយមកដល់ថ្ងៃនេះបានចំនួន ៣លើក ដែលមានកម្មករនិយោជិតសរុបចំនួនប្រមាណជាង ៦ម៉ឺននាក់ និងនៅសល់កម្មវិធីបន្ដចំនួន ១៦លើកទៀត ដែលនឹងជួបកម្មករនិយោជិតសរុបប្រមាណ២៥ម៉ឺននាក់ទៀត។

បើតាមលោករដ្ឋមន្ដ្រី, កាលពីជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័ន អនុវត្តបានជោគជ័យ។

ក្នុងជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្តេចតេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាលភាពដល់បងប្អូនកម្មការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ៕