(ភ្នំពេញ)៖ លោក អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ជិន ប៊ុនធឿន នាយក សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងលោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ព្រមទាំងក្រុមប្រតិបត្តិសាខា អនុសាខាស្រុកត្រពាំងប្រាសាទ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងសម្ភោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន១០ «អ្នកទទួលផលប្រមាណជាង៥០០គ្រួសារ» ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ហ្លួងម៉ែ ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមសរុបចំនួន៧៥នាក់ នៅក្នុងឃុំចំនួន៤ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជាមួយគ្នានេះដែរ លោក អ៊ុយ សំអាត បានបាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកចំពោះបងប្អូនដែលអញ្ជើញចូលរួមនាពេលនេះ។ លោក អ៊ុយ សំអាត បានថ្លែងថា «អណ្តូងទឹកស្អាតចំនួន១០ ដែលបានសម្ភោធដាក់ប្រើប្រាស់នាពេលនេះ គឺជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម និងថ្លៃថ្លាបំផុតរបស់ ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ដែលបានព្រះរាជប្រទានព្រះរាជូបត្ថម្ភតាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីសាងសងអណ្តូងទឹកស្អាតជូនបងប្អូនឲ្យមានប្រភពទឹកស្អាត សម្រាប់ប្រើប្រាស់ដែលនៅផ្ទះបំផុត។

លោក អ៊ុយ សំអាត បានបន្ថែមទៀតថា អណ្តូងទឹកស្អាតនេះ គឺមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីមន្ទីរធនធានទឹកខេត្ត ហើយអណ្តូងទឹកស្អាតនេះបងប្អូនអាចយកទៅប្រើប្រាស់ដូចជា ងូតទឹក បោកខោអាវ និងដាំស្លរ ប្រកបដោយសុវត្ថិភាព ប៉ុន្តែបើបងប្អូនយកទៅបរិភោគគឺត្រូវដាំឲ្យពុះមុននឹងបរិភោគ។

ជាមួយគ្នានេះដែរ លោក អ៊ុយ សំអាត បានសំណូមពរដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលទាំងអស់ សូមមេត្តាប្រើប្រាស់ទឹកដោយសម្សំសំចៃ និងជួយថែរក្សា សូមដាំដំណាំជុំវិញអណ្តូង ដើម្បីឲ្យអណ្តូងទឹកស្អាតនេះ ប្រើប្រាស់ឲ្យបានយូរអង្វែង។ លោក អ៊ុយ សំអាត បានបញ្ជាក់ទៀតថា ទោះបីជាអណ្តូងនេះបរិវេណផ្ទះ ប្រជាពលរដ្ឋណាមួយក៏ដោយ ប៉ុន្តែអណ្តូងទឹកស្អាតគឺជាអណ្តូងសហគមន៍ ដែលឲ្យបងប្អូនប្រើប្រាស់បានទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា បន្ទាប់ពីបញ្ចប់ពីធីសម្ភោធដាក់ឲ្យប្រើប្រាស់អណ្តូងស្អាតរួចមក លោក អ៊ុយ សំអាត បានអញ្ជើញ ធ្វើដំណើរទៅពិនិត្យអណ្តូងទឹកស្អាតទាំង១០កន្លែងផងដែរ។ ដោយមើលឃើញជីវភាពលំបាករបស់ប្រជាពលរដ្ឋ មួយគ្រួសាររស់នៅក្នុងខ្ទមនៅជិតអណ្តូងទឹកស្អាតមួយកន្លែង លោក អ៊ុយ សំអាត បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងថវិកាមួយចំនួន៕