(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា បានឈ្នះកៅអីមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ចេញពីពូល B ជាប្រវត្តិសាស្រ្ត បន្ទាប់ពីយកឈ្នះ U-16 ទីម័រខាងកើត ៣-០ ដែលទើបបញ្ចប់មុននេះ។
U-16 កម្ពុជា បានបើកការនាំមុខ U-16 ទីម័រខាងកើត ត្រឹមចាប់ផ្តើមលេងបាន៥នាទីក្នុងវគ្គទី១ ដោយបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ ស៊ុតបានសម្រេចដោយកីឡាករប្រធានក្រុម យ៉ាវ សាហ្វី ដោយសារតែកីឡាករខ្សែការពារទីម័រ ធ្វើឲ្យមានកំហុសនៅក្នុងប្រអប់គ្រោះថ្នាក់។
កម្ពុជា មិនធ្វើឲ្យអ្នកគាំទ្រជាង១ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអស់សង្ឃឹមឡើយ តាមរយះរកបាន២គ្រាប់ទៀតដោយកីឡាករ ម៉ៅ ពិសិដ្ឋ នៅនាទីទី៥៥ និងនាទីទី៥៩ ក្នុងវគ្គទី២ ដែលជាជ័យជំនះទី៣ ក្នុងព្រឹត្តិការណ៍ពានរង្វាន់យុវជនអាស៊ាន AFF U-16 Youth Championship 2016 នៅកម្ពុជា។
កម្ពុជា ត្រូវជួប U-16 វៀតណាម ដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ក្នុងពូល A និង U-16 អូស្រ្តាលី ត្រូវជួបក្រុមការពារតំណែងជើងឯក U-16 ថៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មុនពេលវគ្គផ្តាច់ព្រ័ត្រ និងទាត់យកចំណាត់ថ្នាក់លេខ៣ ធ្វើឡើងនៅថ្ងៃទី២៣ កក្កដាចុងសប្តាហ៍នេះ៕