(កណ្ដាល)៖ លោកស្រី ហុង ម៉ារីណិច ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្ដាល និងលោកស្រី ផាត់ សុគន្ធា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យឈ្មោះ សុង វ៉េងសេង អាយុ២៤ឆ្នាំ ដែលជាមុខសញ្ញាសកម្មក្នុងការចែកចាយថ្នាំញៀនជាញឹកញាប់នៅស្រុកមុខកំពូល ដាក់ពន្ធនាគារ។

នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល និងលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូង បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

អ្នកនាំពាក្យទាំង២រូប ថ្លែងថា បុគ្គលជនសង្ស័យនេះត្រូវបានចោទប្រកាន់ពីបទ «ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន» តាមមាត្រា៤០ និង៤៥ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

មាត្រា៤០ បទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៖ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។ ក្រៅពីដាក់ទោសនៅពន្ធនាគារ ជនល្មើសអាចនឹងត្រូវពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។

មាត្រា៤៥ បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៖ ជនណាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតក្រុងតារាងទី១ និងតារាងទី ២ តាមគ្រប់រូបភាព និងធ្លាប់ទទួលរងនូវវិធានការព្យាបាលដោយបង្ខំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ៦ខែ នឹងអាចត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី១០ ម៉ឺនរៀល ទៅ១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពី ៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ ២លានរៀល។

តាមដំណើររឿងចាប់ខ្លួនជនសង្ស័យផ្ដល់ដោយនគរបាល៖ ការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៤៖៣០នាទី នៅចំណុចផ្ទះជួល ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ សុង វ៉េងសេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ។ ទីកន្លែងកំណើតនៅភូមិ ព្រែកតាទន់ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន)។

វត្ថុតាងដកហូតរួមមាន៖

*ទី១៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២០កញ្ចប់ ក្នុងនោះមធ្យម ១៣កញ្ចប់ ធំចំនួន០៧កញ្ចប់
*ទី២៖ ទូរស័ព្ទដៃម៉ាក សាមសុង ចំនួន ០១គ្រឿង
*ទី៣៖ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០១។

របាយការណ៍បាន​បញ្ជាក់ថា នៅវេលាម៉ោងថ្ងៃខែឆ្នាំកើតហេតុខាងលើ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្តិ៍ព្រែកអញ្ចាញ បានទទួលទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន។ ពេលនោះកម្លាំងបានចុះដល់កន្លែងកើតហេតុឃើញជនសង្ស័យ ហើយឃាត់សួរនាំនិងឆែករកឃើញម្សៅក្រាមពណ៌សថ្លាដែលសង្ស័យជាសារធាតុញៀនចំនួន២០កញ្ចប់ ក្នុងនោះធំ០៧កញ្ចប់ និងមធ្យមចំនួន១៣កញ្ចប់។

របាយការណ៍បន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីជនមិនស្គាល់ឈ្មោះនៅភ្នំពេញ ម្ដង១គីឡូក្នុងតំលៃ ៧៤០០ដុល្លារ ដើម្បីយកមកចែកចាយបន្ត៕