(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបចំពោះជនមួយចំនួនដែលបានលើកឡើងថា ការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្ម​នុញ្ញ ដែលមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខនេះ ខុសនឹងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬរដ្ឋធម្មនុញ្ញ មិនបានកំណត់ថា កម្ពុជាត្រូវមានគណបក្សប្រឆាំងនោះទេ។ រដ្ឋធម្មនុញ្ញគ្រាន់តែកំណត់អំពីលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សប៉ុណ្ណោះ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម​ នារសៀលថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ឥឡូវសួរបន្តិចទៅចុះ លោកឯងឆ្លើយឱ្យរួច ក្នុងកិច្ចព្រមព្រៀងប៉ារីស មានដាក់ពាក្យត្រូវតែមានបក្សប្រឆាំងទេ? ក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន តើមានដាក់ថាបក្សប្រឆាំងហើយឈ្មោះ "អាភ្លើងចន្លុះ" នេះទេ?»

សម្តេចបន្តថា៖ «គេគ្រាន់តែនិយាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទេតើ គេអត់និយាយថា ត្រូវតែមានបក្សប្រឆាំងនោះទេ គេកំណត់ថាប្រជាធិបតេយ្យសេរីពហុបក្ស គេនិយាយប៉ុណ្ណឹងតើ ម៉េចក៏ហ្អែងថាខុសជាមួយកិច្ចព្រមព្រៀងក្រុងប៉ារីស ខុសនឹងរដ្ឋធ​ម្មនុញ្ញ តើរដ្ឋធម្មនុញ្ញបានចែងទេ»

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសទទួលយកការសម្រេចនេះ ខណៈគណបក្សប្រមាណជាង១០ផ្សេងទៀត បានគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងគ.ជ.ប។

ទោះជាយ៉ាងនេះក្តី គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយ ដោយគណបក្សនេះ បានចោទថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមិនស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ថ្លែងកិច្ចពិធីសំណេះសំណាលដដែលនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបុគ្គលមួយចំនួនដែលលើកឡើងបែបនេះ ពិនិត្យរដ្ឋធម្មនុញ្ញឡើយវិញឱ្យបានច្បាស់ ដែលរដ្ឋធម្មនុញ្ញពុំមានចែងអំពីបក្សប្រឆាំងទេ ប៉ុន្តែកំណត់ឱ្យមានសេរីពហុបក្ស ដូច្នេះការចូលរួមរបស់គណបក្សនយោបាយចំនួន១៨ ក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះ គឺជាពហុបក្ស។ សម្តេចបន្តថា «ការមើលស្រាលដល់បក្សទាំង១៨ គណបក្ស គឺជាការមើលស្រាលជាតិខ្មែរទាំងមូល»

សម្តេចបានពន្យល់ថា ការដែលអត់មានមួយបក្ស ឬពីរបក្ស មិនបានបំផ្លាញដល់ប្រជាធិបតេយ្យទាំងមូលរបស់កម្ពុជាទេ។ សម្តេចតេជោ ក៏បានប្រាប់ទៅដល់ជនបរទេសឱ្យស្តាប់សំឡេងអ្នកក្នុងប្រទេសឱ្យបានច្រើន ហើយព្រមានថា បរទេសគ្មានភារកិច្ចដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។ សម្តេចក៏បានប្រាប់ឱ្យជនបរទេសទាំងនោះ មើលរដ្ឋធម្មនុញ្ញរបស់កម្ពុជាឱ្យបានច្បាស់លាស់ផងដែរ៕

<