(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានប្រាប់លោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកថា កម្ពុជាមិនចង់ឲ្យវិវាទការងារឡើងដល់តុលាការនោះទេ គឺចង់ឲ្យមានការដោះស្រាយ និងសម្របសម្រួលនៅក្រៅប្រព័ន្ធតុលាការ។
ថ្លែងប្រាប់អ្នកព័ត៌មាននៅក្រោយជំនួបពិភាក្សាការងារជាមួយឧបការីអាមេរិកនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក អ៉ិត សំហេង បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារលោក បានប្រាប់ឧបការីអាមេរិកថា យន្ដការដោះស្រាយវិវាទការងារនៅកម្ពុជា មាន៣ដំណាក់កាល។ ដំណាក់កាលទី១- ការដោះស្រាយដោយអធិការការងារ នៅក្នុងមូលដ្ឋានរោងចក្រ ទី២- ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងទី៣- តុលាកាការងារ។
លោករដ្ឋមន្ដ្រីបន្ថែមថា «យន្ដការរបស់ក្រសួង គឺចង់ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ប៉ុន្ដែប្រសិនបើរឿងក្ដីនោះ វាស៊ាំញាំហើយភាគីនីមួយៗមិនសុខចិត្តទេ គឺយើងត្រូវតែបញ្ជូនទៅតុលាការ ប៉ុន្ដែយ៉ាងណាក៏ដោយយើងនឹងខិតខំធ្វើឲ្យធ្វើត្រឹមតែកម្រិតទី១ និងទី២តែប៉ុណ្ណោះ»។
លោករដ្ឋមន្ដ្រី អ៉ិត សំហេង បានថ្លែងថា ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងសហរដ្ឋអាមេរិក និងកម្ពុជា ជាពិសេសក្នុងការវិវត្ត នៃលក្ខខណ្ឌការងារ តាមរយៈកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងរយៈពេលជិត២០ឆ្នាំនេះ។ លោកបន្ដថា កិច្ចសហប្រតិបត្តិការនេះ បានចូលចំណែកដល់វិស័យឧស្សាហកម្មនៅកម្ពុជា ជាពិសេសវិស័យកាត់ដេរ ហើយមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែជាទីផ្សារធំសំខាន់ទី២ បន្ទាប់ពីសហគមន៍អឺរ៉ុប ហើយទីផ្សារនេះមិនទាន់មានការប្រែប្រួលនោះទេ។
លោករដ្ឋមន្ដ្រីបានបន្ថែមថា កម្ពុជា និងអាមេរិក នៅតែបន្ដសហការនូវលក្ខខណ្ឌការងារបន្ថែមទៀត ហើយកិច្ចការនេះ គឺស្របទៅតាមគោលនយោបាយដែលមានស្រាប់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសស្របទៅនឹងគោលនយោបាយជាតិ ស្ដីពីមុខរបរការងាររបស់កម្ពុជា ក៏ដូចជាគោលនយោបាយស្ដីពីការអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥។
បើតាមលោក អ៉ិត សំហេង ក្នុងជំនួបពិភាក្សានោះ ក៏មានលើកឡើងពីច្បាប់ស្តីពីសហជីពផងដែរ ដោយភាគីអាមេរិកស្នើឲ្យអនុវត្តន៍ ច្បាប់នេះបានត្រឹមត្រូវ និងដោយស្មើភាព៕