(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ពីរថ្ងៃនេះទី១៨-១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកសង្កសីចំនួន៨២៣សន្លឹក ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារបាតុភូតធម្មជាតិ ខ្យល់កន្រ្តាក់ នៅស្រុកម៉ាឡៃ និងស្រុកស្វាយចេក នាប៉ុន្មានថ្ងៃនេះ។
សម្រាប់ការជួសជុលផ្ទះឡើងវិញ ជូនប្រជាពលរដ្ឋនៅស្រុកទាំង២នេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជូនកម្លាំងនគរបាលប្រមាណ១៣០នាក់ ទៅជួយអន្តរាគមន៍ផងដែរ ដើម្បីឲ្យពួកគាត់មាន ទីលំនៅសមរម្យឡើងវិញ។
លោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានថ្លែងថា «២ថ្ងៃនេះយើង បាននាំយកសង្កសីចំនួន៨២៣សន្លឹក ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ យកមកប្រគល់ជូន ប្រជាពលរដ្ឋដែលរងគ្រោះ នៅឃុំតាគង់ ស្រុកម៉ាឡៃ និងឃុំចំនួន៣ នៅស្រុកស្វាយចេក ដែលបានបាក់រលំ និងបើកដំបូល ដោយសារខ្យល់កន្រ្តាក់»។ លោកស្នងការ បានបន្តទៀតថា ក្រោយមានបាតុភូតធម្មជាតិនេះកើតឡើងភ្លាមៗ កម្លាំងនគរបាលរបស់លោក ក្រោមការណែនាំពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានចុះមកជួយអន្តរាគមន៍ ដល់កន្លែងកើតហេតុតែម្តង។
នៅចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ខ្យល់កន្រ្តាក់នេះ លោកស្នងការ បានលើកឡើងពីយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចំពោះការរស់នៅ និងទុក្ខលំបាកផ្សេងៗដែលបានកើតឡើងតាមមូលដ្ឋាន។ លោកឧត្តមសេនីយ៍ស្នងការ បានជំរុញទៅកងកម្លាំងនគរបាល ទាំងអស់ត្រូវបន្តតាមដាន និងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា បើសិនមានបញ្ហាអ្វីមួយកើតឡើងនោះ៕