(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអញ្ជើញតំណាងគណបក្សនយោបាយនានាឱ្យចូលរួមរៀបចំកំណត់ទំហំសញ្ញាសម្គាល់ ឈ្មោះគណបក្សជាពាក្យពេញ និងជាអក្សរកាត់ឱ្យមានភាពត្រឹមត្រូវច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ផ្លូវការ មុនយកទៅប្រើប្រាស់ក្នុងសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

កិច្ចប្រជុំរៀបចំកិច្ចការខាងលើនេះធ្វើឡើងនៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ជាន់ទី៧) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៣៖០០នាទីរសៀល។

មកដល់ពេលនេះ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបានចំនួន១៨គណបក្ស ក្នុងនោះរួមមាន៖
១. គណបក្សប្រជាជនកម្ពុជា
២. គណបក្សយុវជនកម្ពុជា
៣. គណបក្សខ្មែររួបរួមជាតិ
៤. គណបក្សធម្មាធិបតេយ្យ
៥. គណបក្សកម្លាំងប្រជាធិបតេយ្យ
៦. គណបក្សសញ្ជាតិកម្ពុជា
៧. គណបក្សខ្មែរតែមួយ
៨. គណបក្សខ្មែរអភិរក្ស
៩. គណបក្សហ្វ៊ុនស៉ិនប៉ិច
១០. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
១១. គណបក្សបំណងពលរដ្ឋ
១២. គណបក្សឯកភាពជាតិខ្មែរ
១៣. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
១៤. គណបក្សស្ត្រីដើម្បីស្ត្រី
១៥. គណបក្សខ្មែរឈប់ក្រ
១៦. គណបក្សកសិករ
១៧. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៨. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។

គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕