(ភ្នំពេញ)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានជំរុញឲ្យប្រធាននាយកដ្ឋាន ប្រធានសាខា និងការិយាល័យគយ និងរដ្ឋាករនៅទូទាំងប្រទេស ប្រឹងប្រែងប្រមូលពន្ធ និង អាករឲ្យបានកាន់តែសកម្ម និង ត្រឹមត្រូវទៅច្បាប់ ជាពិសេសត្រូវធ្វើឲ្យបានតាមផែនការ។ ការជំរុញឲ្យប្រមូលពន្ធនេះ បានធ្វើឡើង បន្ទាប់ពីការប្រមូលពន្ធក្នុងខែកក្កដា មានការធ្លាក់ចុះច្រើន។
យោងតាមលិខិតផ្ញើទៅកាន់ប្រធាននាយករដ្ឋាន ប្រធានសាខា និងការិយាល័យគយ និងរដ្ឋាករនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក គុណ ញឹម បានបញ្ជាក់ថា រយៈពេល១៨ថ្ងៃខែកក្កដា ឆ្នាំ២០១៦នេះ ការប្រមូលពន្ធ និងអាករ បានត្រឹមតែ ៣៣០ប៊ីលានរៀលប៉ុណ្ណោះ គឺទាបជាងខែមិថុនា ប្រមាណ ១២.២ប៊ីលានរៀល។
លោក គុណ ញឹម បានគូសបញ្ជាក់ទៀតថា ការប្រមូលពន្ធអាករក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺរឹតតែទាបថែមទៀត គឺបានក្នុងចន្លោះ ២០ប៊ីលានរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។
បើតាមលោកអគ្គនាយកគយ ការប្រមូលបានចំណូលពន្ធទាបនេះ គឺជាការបារម្ភមួយក្នុងការអនុវត្តផែនការចំណូលឲ្យបានលទ្ធផលល្អតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ដើម្បីជំរុញការប្រមូលពន្ធឲ្យសម្រេចតាមផែនការ លោកអគ្គនាយកគយ គុណ ញឹម បានជំរុញឲ្យប្រធាននាយកដ្ឋាន ប្រធានសាខា និងការិយាល័យគយ និងរដ្ឋាករ ត្រូវអនុវត្តតាមគោលការណ៍មួយចំនួនដូចខាងក្រោម៖
១. ត្រូវណែនាំដល់ម្ចាស់ទំនិញ ឬតំណាងឲ្យប្រកាសបានត្រឹមត្រូវតាមបរិមាណ និង យថាប្រភេទទំនិញ
២. ត្រូវណែនាំមន្រ្តី និងភ្នាក់ងារគយរដ្ឋាករឲ្យពង្រឹងការត្រួតពិនិត្យឯកសារ និងទំនិញ ដើម្បីគណនាពន្ធ និងអាករឲ្យបានត្រឹមត្រូវ
៣. នាយករដ្ឋានបង្ការ និងបង្រ្កាបបទល្មើស និងសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ត្រូវសកម្មក្នុងការទប់ស្កាត់ និង បង្រ្កាបអំពើរត់គេចពន្ធ ជាពិសេសលើក្រុមទំនិញ ដែលជាមុខសញ្ញាគេចវេះពន្ធ
៤. ក្រុមពង្រឹងអនុលោមភាពត្រូវឃ្លាំមើល និងចាត់វិធានការក្រោយទទួលបានព័ត៌មានច្បាស់លាស់ពីបណ្តាញ៕