(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសាវនាការការងារជាមួយគណៈប្រតិភូ ទីក្រុងឈូចូវ (Quzhou) ខេត្តជើជាំង (Zhejiang) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី ធាន ជន (Tian Jun) អភិបាលរងទីក្រុងឈូចូវ និងគណៈប្រតិភូជាន់ខ្ពស់សរុប ៩រូប។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព-កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជា ដើម្បីពង្រឹង និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ រវាងរាជធានីភ្នំពេញ និងទីក្រុងនៃខេត្តជើជាំង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនៃជំនួបនោះ ភាគីទីក្រុងឈូចូវ ក៏បានលើកសរសើរ និងអបអរសាទរចំពោះសមិទ្ធផល ដែលព្រះរាជាណាចក្រកម្ពុជា និងរាជធានីភ្នំពេញសម្រេចបានក្នុងការរក្សាកំណើនសេដ្ឋកិច្ច ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងសុខសន្តិភាព ជាពិសេសការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។

ជាការឆ្លើយតប លោក នួន ផារ័ត្ន បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោដែលទីក្រុងឈូចូវសម្រេចបាន និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់អំណោយជាវ៉ាក់សាំង ដែលនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីមិត្តភាពយ៉ាងស្មោះស្ម័គ្រ រវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេស នៅឆ្នាំ២០២៣នេះ ដែលជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន។

លោកបានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងប្រធានាធិបតី ស៊ី ជីនពីង ទំនាក់ទំនងកម្ពុជា-ចិន បាននិងបន្តរីកចម្រើនដល់កម្រិតថ្មី ដោយសម្រេចបានវឌ្ឍនភាពជាផ្លែផ្កា ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

ជាលទ្ធផល រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងឈូចូវ បានឯកភាពគ្នាក្នុងការបន្តជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍទីក្រុងឆ្លាត ដោយជាមួយគ្នានោះ លោកស្រីអភិបាលរងទីក្រុងឈូចូវ បានអញ្ជើញគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបំពេញទស្សនកិច្ចនៅទីក្រុងឈូចូវ នៅពេលសមស្របណាមួយ នាពេលខាងមុខ៕