(ព្រះសីហនុ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា ក្រសួងបានដាក់ចេញអាទិភាព ក្នុងការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណ:ក្នុងខេត្តព្រះសីហនុ និងគម្រោងដំឡើង Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត។
ការថ្លែងរបស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ សម្រាប់គ្រប់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២)។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីវាគ្មិន និងសិក្ខាកាមជាមន្ត្រីរាជការ មកពីបណ្តាមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តទាំង២៤ ព្រមទាំងតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត សរុបប្រមាណ ២៥០នាក់។
លោក គួច ចំរើន បានបង្ហាញពីឆន្ទៈសហការចូលរួមគាំទ្ររបស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលវិស័យនេះមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ព្រមទាំងវាយតម្លៃខ្ពស់ថាសិក្ខាសាលានេះ ពិតជាធ្វើឱ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិ ទទួលបានការអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល។
រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានរំឭកឡើងវិញនូវប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាថា៖ គ្រប់ក្រសួងស្ថាប័ន ត្រូវខិតខំវិនិយោគឱ្យបានច្រើនបន្ថែមទៀត ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះថាបើសិនគ្មានធនធានមនុស្សទេ ប្រទេសជាតិយើងមិនអាចអភិវឌ្ឍន៍បានឡើយ។ ហេតុដូច្នេះហើយ ចាប់ពី ឆ្នាំ២០២០ លោករដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការ លើជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមទាំងការផ្តល់អាហារូបករណ៍សម្រាប់មន្ត្រី ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងកម្មវិធីចែករំលែកបទពិសោធការអនុការងារជាក់ស្តែង។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ជម្រាបជូនអង្គពិធីអំពីការដោះស្រាយបញ្ហាប្រឈម និងវឌ្ឍនភាពការងារវិស័យប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគន៍និងព័ត៌មាន ជាពិសេសផែនការសកម្មភាព ដើម្បីពង្រឹងការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។
លោករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវាគ្មិនទាំងអស់ ដែលជាថ្នាក់ដឹកនាំនិងអ្នកបច្ចេកទេសរបស់ក្រសួង ដែលបានអញ្ជើញមកចូលរួមធ្វើបទបង្ហាញតាមជំនាញរៀងៗខ្លួន ចែករំលែកចំណេះដឹង ឧត្តមានុវត្តន៍ និងបទពិសោធន៍ថ្មីៗដល់សិក្ខាកាមក្នុងអង្គសិក្ខាសាលាទាំង៤តំបន់ ជូនមន្ត្រីរាជការនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ទូទាំងប្រទេស ប្រកបដោយប្រសិទ្ធភាពខ្ពស់៕