(កំពង់ឆ្នាំង)៖ ប្រជាកសិករស្ទើរគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដែលជាអ្នកប្រកបមុខរបរធ្វើស្រែចំការ បានចាប់ផ្ដើមនាំគ្នាដាំដុះនិងសម្រុកភ្ជួររាស់ដីស្រែចំការរបស់ពួកគាត់ជាបណ្ដើរៗហើយ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងជោគជាំនាដើ មរដូវវស្សាឆ្នាំនេះ។

ការណ៍ដែលប្រជាកសិករបានចាប់ផ្ដើមភ្ជួររាស់សាបព្រួសដី ស្រែចំការបស់ពួកគាត់ពីដើមរដូវបែបនេះ គឺដោយសារតែអំណោយផល ពីធម្មជាតិដោយបានភ្លៀងធ្លាក់ពីដើមរដូវយ៉ាងជោកជាំ ដែលធ្វើឲ្យពួកគាត់មានឱកាសអាចភ្ជួររាស់ សាបព្រួសស្រូវបានពីដើមឆ្នាំ និងមានពេលវេលាដើម្បីប្រកបមុខរបររកស៊ីផ្សេងៗជាបន្តទៀត។

លោក ផន ម៉ៅ ដែលជាប្រជាកសិកររស់នៅក្នុងភូ មិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានរៀបរាប់ឲ្យដឹងថា ប្រជាកសិករយើងភាគច្រើនដែលមានមុខរបរធ្វើស្រែចំការ គឺកាលពីពេលមុនការធ្វើស្រែ គឺគេត្រូវសាបសំណាបជាមុនសិន ទើបដកសំណាបនោះដើម្បីយកទៅស្ទូងជាបន្តទៀត។ ចំពោះការសាបសំណាបនេះផងដែរ ក៏ត្រូវការទឹកជោគជាំដើម្បីភ្ជួរដាស់ត្រឡប់ដីទុកឲ្យងាប់ស្មៅ ទើបអាចភ្ជួរជាលើកទី២ ហើយយកស្រូវមកសាបសំណាបបានធ្វើបែបនេះ ដើម្បីកុំឱ្យមានស្មៅដុះនៅក្នុងថ្នាលសំណាប។

លោកបន្តថា ចំណែកឯស្រែសម្រាប់ស្ទូងស្រូវវិញក៏ដូច្នោះដែរ គឺត្រូវតែភ្ជួរដីដាស់ទុកចោលឲ្យងាប់ស្មៅសិន ទើបអាចភ្ជួររាស់ស្ទូងជាលើកទី២បាន ធ្វើបែបនេះទើបមិនពិបាកថែទាំឬក៏ដកស្មៅក្នុងស្រូវ ហើយក៏អាចទទួលបានទិន្នផលល្អផងដែរ។

បច្ចុប្បន្ននេះ ប្រជាកសិករយើងប្រ មាណ៨០ភាគរយហើយ ដែលការធ្វើស្រែគេលែងសាបសំណាបដើម្បីដកស្ទូងដូចកាលពីពេលមុនៗទៀតហើយ រីឯការភ្ជួររាស់វិញក៏គេលែងប្រើគោក្របីដូចពីសម័យមុនទៀតដែរ។ ប្រជាកសិករប្រកបមុខរបរធ្វើស្រែចំការភាគច្រើន ជារៀងរាល់រដូវវស្សាឲ្យតែមានភ្លៀងធ្លាក់អាចភ្ជួរមុត គឺគេប្រើគោយន្តឬក៏ត្រាក់ទ័រដើម្បីភ្ជួររាស់ នៅពេលភ្ជួររួចគេយកស្រូវពូជមកព្រោះទើបគេរាស់ដីលុបជាកាស្រេច នៅពេលស្រូវដុះលូតលាស់ល្មមប្រើជី គេត្រូវយកជីមកបាច បន្ទាប់មកត្រូវឧស្សាហ៍បាញ់ថ្នាំសម្លាប់ស្មៅម្ដង ទៅ២ដងតែប៉ុណ្ណោះ រីឯទិន្នផលវិញក៏មិនសូវខុសគ្នា នឹងការសាបសំណាបហើយដកយកទៅស្ទូងដូចកាលពីសម័យមុននោះប៉ុន្មានដែរ។

លោកប្រាប់ទៀតថា ការណ៍ដែលប្រជាកសិករងាកមកធ្វើ ស្រែរបៀបដូចខាងលើនេះ គឺវាអាចកាត់បន្ថយនូវពេលវេ លាសម្រាប់ការដើរហើររកស៊ី ធ្វើការងារផ្សេងៗទៀត នឹងមិនចំណាយកម្លាំងពលកម្មច្រើន ដូចដែលយើងត្រូវដកស្ទូងដូចពេលមុនៗនោះទេ ម្យ៉ាងវិញទៀតបច្ចុប្បន្ននេះក្នុងផ្ទះគ្រួសារនីមួយៗមិនមានកូនចៅនៅជុំគ្នាដូចពេលមុននោះទេ គឺពួកគេបានចេញដើរហើរកស៊ីអស់ពីផ្ទះភាគច្រើនកូនចៅគេបានចេញទៅធ្វើការរោងចក្រ ឯក្រុងភ្នំពេញស្ទើរគ្រប់ផ្ទះអស់ហើយ បើទោះជាមានប្រាក់សម្រាប់ជួលគេមកធ្វើស្រែក៏រកមនុស្សជួលមិនបានដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះឲ្យដឹងថា ការបង្កបង្កើនផលរបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំ ងនាដើមរដូវវស្សាឆ្នាំនេះ ផ្ទៃដីភ្ជួររាស់សម្រាប់ដាំដុះបានចំនួន ១៩ ៣៧១ ហិកតា ស្មើនិង៥,៥៧% លើផែនការ ១២២ ០០០ហិកតា ក្នុងនោះព្រួសស្រូវស្រាលបាន ៩៥២ ១ហិកតា។

លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ទៀតថា ប៉ុន្មានថ្ងៃ នេះទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់ជាបណ្ដើរៗហើយ នៅតាមតំបន់មួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ប្រជាកសិករកក៏ចាប់ផ្ដើមសម្រុកភ្ជររាស់សាបព្រួសផងដែរ។ តំបន់មួយចំនួនទៀតក៏ពុំទាន់មានរបបទឹកភ្លៀងគ្រប់គ្រាន់នៅឡើយដែរ ដែលជាហេតុធ្វើឲ្យមានការបារម្ភនៅពេលខាងមុខខ្លាចមានកូនរដូវប្រាំងកើតឡើង ដែលនាំឲ្យផលដំណាំរប ស់ប្រជាកសិករយើងជួបបញ្ហាខ្វះទឹកស្រោចស្រព្យ និងតំបន់មួយចំនួនទៀតប្រជាជាកសិករមិនទាន់មានទឹកបង្កបង្កើនផល៕