(កំពត)៖ លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីរាជការ ចុះជួបសំណេះសំណាល និងផ្តល់ចុងសន្លឹកបញ្ជាក់ក្បាលដី ជូនប្រជាពលរដ្ឋដែលជាអតីតគ្រួបង្រៀនចូលនិវត្តចំនួន ១៣០គ្រួសារ ដែលបានរស់នៅលើដីសារពើភ័ណ្ឌ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ក្នុងសង្កាត់កំពង់កណ្តាលក្រុងកំពត និងប្រជាពលរដ្ឋ៣០គ្រួសារផ្សេងទៀត រស់នៅតំបន់ចំណតរថភ្លើង ស្ថិតនៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន បានបញ្ជាក់ថា ការផ្តល់ប័ណ្ឌកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានអាស្រ័យផលក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ឬជាថ្ងៃកំណើតទីពីរនោះ គឺជាគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសម្តេចតែងតែជំរុញឱ្យអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ត្រូវពន្លឿនការងារនេះ ដើម្បីផ្តល់ជូប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលមកទទួលយកនូវចុងសន្លឹកសំគាល់ដីធ្លីទាំងពីរទីតាំងនេះ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសនិវត្តន៍ជន និងគ្រូបង្រៀនដែលចូលនិវត្តន៍។ ទន្ទឹមនឹងនោះដែរប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់ លោកអភិបាលខេត្តកំពត ដែលបានយកចិត្តទុកដាក់ក្នុងការជំរុញនិងពន្លឿនការងារចេញប័ណ្ណនេះ ជូនពួកគាត់ដោយមិនរើសអើង ជាតិសាសន៍ ពណ៌សំបោរ ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។
យោងតាមរបាយការណ៍របស់មន្ទីរដែនដី នគររូបណីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ទីតាំងទាំងពីរខាងលើនេះ បានចាប់ផ្តើមធ្វើការវាស់វែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលទីតាំងទី១ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល (ក្បែរស្ថានីយ៍រថភ្លើង) មានក្បាលដីចំនួន ៣៧ក្បាលដី ស្មើនឹង ៣០គ្រួសារ ដែលមានទំហំ ១៦.៧៥០ម៉ែត្រការ៉េ ក្នុងនោះធ្វើការកាត់ចេញនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ អស់ចំនួន ១.០៣៨ម៉ែត្រការ៉េ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៧ក្បាលដី ស្មើនឹង ១៥.៧១២ម៉ែត្រការ៉េ និងទីតាំងទី២ ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ក្នុងដីសារពើភ័ណ្ឌរបស់មន្ទីរអប់រំខេត្ត វាស់វែងបានចំនួន ១៤៨ក្បាលដី ស្មើនឹង ១៣០គ្រួសារ មានផ្ទៃដី សរុបចំនួន ៣៤.៥៣៣ម៉ែត្រការ៉េ ក្រោយពីកាត់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ អស់ ២.៧២៦ម៉ែត្រការ៉េ ដំណាក់កាលទី១ គឺចេញបង្កាន់ដីក្បាលដីជូនអ្នកកាន់កាប់សិន៕