(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការប្រតិកម្មយ៉ាងខ្លាំងចំពោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជុំវិញការផ្តល់គំនិតឱ្យសហគមន៍អឺរ៉ុប បិទទីផ្សារមិនឱ្យមានការនាំចូលទំនិញសម្លៀកបំពាក់ពីប្រទេសកម្ពុជា។ លោកថា ការផ្តួចផ្តើមគំនិតបែបនេះ ពុំមានផលចំណេញសូម្បីបន្តិចដល់ជាតិ និងកម្មករ ហើយលោកជំរុញឱ្យ លោក សម រង្ស៊ី ទទួលខុសត្រូវចំពោះកម្មករ បើសិនជាអឺរ៉ុបធ្វើតាមគំនិតនោះ។
ថ្លែងបន្ទាប់ពីបញ្ចប់ជំនួបជាមួយ លោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក អ៉ិត សំហេង បានថ្លែងយ៉ាងដូច្នេះថា «អ្នកនយោបាយមិនគួរនិយាយបែបនេះទេ។ នេះគឺជាការនិយាយដោយមិនមានការទទួលខុសត្រូវទាល់តែសោះ ចំពោះផលប្រយោជន៍ជាតិ ក៏ដូចជាផលប្រយោជន៍របស់បងប្អូនកម្មកររាប់សិបម៉ឺននាក់»។
លោក អ៉ិត សំហេង បានបន្ថែមថា «ករណីនេះ លោក សម រង្ស៊ី ខ្លួនឯងក៏ដូចជាបក្សពួករបស់គាត់ ត្រូវតែទទួលខុសត្រូវចំពោះបញ្ហានេះ បើសិនជាករណីហ្នឹង កើតឡើងជាយថាហេតុណាមួយ ដោយសារតែគាត់ដាក់សំណើនេះទៅសហគមន៍អឺរ៉ុប» ។
នៅក្នុងបទអន្តរាគមន៍ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ដែលជាថ្ងៃសភាអឺរ៉ុបនិយាយពី បញ្ហាជំនួយមកកាន់កម្ពុជានោះ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងកម្ពុជា បានផ្តល់គំនិតឲ្យសភាអឺរ៉ុប យកបញ្ហាទីផ្សារសម្លៀកបំពាក់របស់កម្ពុជាធ្វើជាគំនាបមកលើ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយក្នុងប្រទេសនេះសព្វថ្ងៃ។
លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេល បើកទីផ្សារវិញមិនចេះតែបើកទេ គឺត្រូវមានភ្ជាប់នូវលក្ខខណ្ឌ ផ្សេងៗ។ លោកបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើម ពិចារណាឡើងវិញ នេះបើយោងតាមការ ចេញផ្សាយរបស់វិទ្យុបារាំង RFI ។
លោករដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បានរំពឹងថា សហគមន៍អឺរ៉ុបនឹងមិនធ្វើតាមគំនិតរបស់ លោក សម រង្ស៊ី ឡើយ ហើយលោកជឿថា សហគមន៍អឺរ៉ុបនឹងគិតគូវែងឆ្ងាយបំផុតអំពីផលប៉ះពាល់នេះ។ លោកថា «ខ្ញុំជឿថា គេនឹងមានការគិតគូ កិច្ចសហប្រតិបត្តិការកម្ពុជាជាមួយសហគមន៍អឺរ៉ុប មិនមែនដោយសារតែមនុស្សម្នាក់នេះទេ គឺដោយសារថា នយោបាយរបស់រាជរដ្ឋាភិបាលយើង យើងក៏មានទំនាក់ទំនងល្អខាងផ្នែកពាណិជ្ជកម្ម លក្ខខណ្ឌការងារ ទើបយើងមានថ្ងៃនេះ»។
អឺរ៉ុបគឺជាទីផ្សារនាំចេញទំនិញសំលៀកបំពាក់ដ៏ធំជាងគេទី១របស់ប្រទេសកម្ពុជា បន្ទាប់មកមានសហរដ្ឋអាមេរិក ជប៉ុន និងកាណាដាជាដើម។ ទំនិញសំលៀកបំពាក់កម្ពុជាច្រើនជាង៤០ភាគ ត្រូវបាននាំចេញទៅកាន់សហគមន៍អឺរ៉ុបរៀងរាល់ឆ្នាំ ដោយពុំមានការបង់ពន្ធ។
នាថ្មីៗនេះ ទាំងសហជីព និងកម្មករ បានចេញលិខិតថ្កោលទោសយ៉ាងខ្លាំង ចំពោះលោក សម រង្ស៊ី បន្ទាប់ពីពួកគេទទួលបានដំណឹងផ្តល់គំនិតឱ្យសហគមន៍អឺរ៉ុបបិទទីផ្សារនាំចេញពីកម្ពុជានេះ។
យ៉ាងណាក៏ដោយ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បានថ្លែងនៅព្រឹកមិញថា គំនិតលោក សម រង្ស៊ី គឺចង់ស្វែងរកផលប្រយោជន៍ពិតប្រាកដជូនកម្មករ។ លោកថា «អញ្ចឹងមិនមែន លោកប្រធានជាអ្នកសម្រេចទេ គឺយើងផ្តល់គំនិតថា សហគមន៍អឺរ៉ុបធ្វើអ្វីធ្វើចុះ ធ្វើយ៉ាងម៉េចឱ្យប្រសើរឡើងនៅប្រទេសកម្ពុជានេះ អញ្ចឹងសហគមន៍អឺរ៉ុប គេមិនមែនស្តាប់តែបក្សប្រឆាំងមួយទេ ដើម្បីសម្រេចជំហររបស់គេ គេមានព័ត៌មានច្រើនប្រភពណាស់»៕