(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនចំនួន ៣នាក់ និងរឹបអូសជាង ២៤៦គីឡូក្រាម។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

របាយការណ៍មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង និងវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ ចូលរួមសហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក សេង ពុទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀនឆ្លងដែនចូលពីឡាវមកកម្ពុជា បង្ក្រាបនៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖

* គោលដៅទី១ ផ្ទះលេខ ១៩៩A ផ្លូវ២៧១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ដោយចាប់យកវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន១ កញ្ចប់ធំ សង្ស័យជាគ្រឿងញៀន, ម្សៅកញ្ចប់ចំនួន៩៣ កញ្ចប់ សង្ស័យជាគ្រឿងញៀន, ម្សៅពណ៌សចំនួន៤ កញ្ចប់តូច និងពណ៌ខៀវចំនួន ១កញ្ចប់តូច, ជញ្ជីងថ្លឹងចំនួន ១ គ្រឿង, ម៉ូតូចំនួន ១ គ្រឿង និងថង់វេចខ្ចប់មួយចំនួន។

* គោលដៅទី២ ស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ ដោយចាប់យកវត្ថុតាងរួមមាន៖ ដុំកញ្ចប់ពណ៌លឿងរូបប៉ាន់តែសញ្ញាផ្កាយប្រាំ ចំនួន ៥ ដុំធំ និងរថយន្តចំនួន ១ គ្រឿង។

* គោលដៅទី៣ វីឡាកូនកាត់បុរីធូលន ផ្ទះលេខ FZ-11 ផ្លូវលេខ៨ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាងរួមមាន៖ សំបកកញ្ចប់ (រូបតែ) ចំនួន ១៨ សំបក។

* គោលដៅទី៤៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ ផ្ទះលេខ១៦៣ ផ្លូវលេខ១៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ២០១ដុំ ស្មើទម្ងន់២០០គីឡូក្រាម និង៣៩៧ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន (KETMINE) ៤០ដុំ ស្មើទម្ងន់ ៣៩គីឡូក្រាម និង ៦១៦ក្រាម។

សរុបលទ្ធផលនៅប្រតិបត្តិការទាំង៤ទីតាំង កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ៣នាក់៖ ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ និងឈ្មោះ យ័ន គុយហេង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ (មេខ្លោង) ដោយចាប់យកវត្ថុតាងសរុប៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ២០៥គីឡូក្រាម និង៤០៧ក្រាម, កេតាមីន (KETMINE) ទម្ងន់ ៤០គីឡូក្រាម ២៨១.០៤ក្រាម, មេតំហ្វេតាមីន (ម្សៅចំរុះពណ៍) ទម្ងន់ ៨២២.៤០ក្រាម សរុបរួមគ្រឿងញៀនទាំងអស់ទម្ងន់ជាង ២៤៦គីឡូក្រាម និងរថយន្ត ២គ្រឿង ម៉ូតូ ៣គ្រឿង ទូរស័ព្ទ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើនេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថា ក្នុងរយៈពេល១ខែចុងក្រោយនេះ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បង្ក្រាបបានករណីជួញដូរគ្រឿងញៀនធំៗចំនួន ៥ករណីជាប់ៗគ្នា ជាមួយនឹងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការខិតខំបង្ក្រាបគ្រឿងញៀនឲ្យដល់ឬសគល់ ដូចភ្លៀងរលឹមនៅទូទាំងប្រទេស៕