(ភ្នំពេញ)៖ របាយការណ៍របស់អង្គការ Global Witness ដែលមានចំណងជើងថា៖ «អាណាចក្រសាជីវកម្ម នៃគ្រួសារគ្រប់គ្រងប្រទេសរបស់កម្ពុជា» (Hostile Takeover: The Corporate Empire of Cambodia’s Ruling Family) ត្រូវបានអង្គការនេះផ្តល់ទៅឲ្យបណ្តាញសារព័ត៌មានមួយចំនួនជាមុន ដើម្បីអនុញ្ញាតឲ្យសារព័ត៌មានទាំងនេះ ពិពណ៌នាពីរបាយការណ៍នេះដោយគ្មានការប្រញាប់ប្រញាល់។
ការធ្វើបែបនេះក៏ជាឱកាសមួយសំរាប់អ្នកសារព័ត៌មាន ពិនិត្យលើភាពដែលអាចគួរឲ្យជឿទុកចិត្ត និងភាពត្រឹមត្រូវរបស់របាយការណ៍នេះ និងពួកគេអាចពិចារណាថា តើការចោទប្រកាន់នៅក្នុងរបាយការណ៍នេះពិតជាមានឯកសារភស្តុតាងគ្រប់គ្រាន់ដែរឬទេ។ ជាអកុសលអ្នកសារព័ត៌មានរបស់កាសែតនៅប្រទេសកម្ពុជាជាភាសាអង់គ្លេស ហាក់ដូចជា មិនបានឆក់យកឱកាសនោះឡើយ។
ផ្ទុយពីការចុះផ្សាយជាច្រើននៅជុំវិញរឿងនេះ របាយការណ៍នេះមិនបានបង្ហាញនូវភស្តុតាងណាមួយទាល់តែសោះអំពី «ការកាន់កាប់ភាគហ៊ុនដ៏សន្ធឹកសន្ធាប់» ឬក៏ «អាណាចក្រអាជីវកម្ម» ដែលជារបស់គ្រួសារនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ។
* ភាពមិនច្បាស់លាស់នៃដើមទុន
អង្គការ Global Witness ផ្តល់នូវតារាង (ឧបសម្ព័ន្ធ១) ដែលលើកឡើងអំពីដើមទុន ចុះឈ្មោះរបស់ក្រុមហ៊ុននានា ដែលមានសាច់ញាតិរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន មានទំនាក់ទំនងជាមួយ។ ដើមទុនសរុបរបស់ក្រុមហ៊ុនដែលបានចុះឈ្មោះទាំងនេះ (ក្រៅពីក្រុមហ៊ុនចំនួន១៦ក្នុងចំណោមក្រុមហ៊ុនចំនួន១១៤ ដែល Global Witness មិនអាចរកព័ត៌មានបាន) គឺមានចំនួនប្រមាណជាង ២០០លានដុល្លារ។
កំហុសទីមួយ៖ ដែលចាំបាច់ត្រូវតែមានមន្ទិលសង្ស័យអំពីសមត្ថភាពទូទៅរបស់អ្នកស្រាវជ្រាវរបស់ អង្គការ Global Witness គឺថាពួកគេមិនយល់ពីភាពខុសគ្នារវាងដើមទុនដែលគេមាន និងដើមទុនដែលគេចុះបញ្ជី។ ពិតណាស់ពួកគេហាក់ដូចជា មិនទទួលស្គាល់ថា មានភាពខុសគ្នាឡើយ។
តម្លៃដើមទុនទាំងអស់របស់ក្រុមហ៊ុនមួយ គឺជាតម្លៃនៃភាគហ៊ុនរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារភាគហ៊ុនរបស់ប្រទេស។ ដូច្នេះប្រសិនបើភាគហ៊ុនរបស់សាជីវកម្ម “ក” លក់ក្នុងតម្លៃ១៥ដុល្លារក្នុងមួយហ៊ុន ហើយមានមួយលានភាគហ៊ុនរបស់សាជីវកម្ម “ក” ដូច្នេះតម្លៃដើមទុនរបស់ក្រុមហ៊ុននោះគឺ១៥លានដុល្លារ។ ចំណុចនេះ គឺគេតែងតែសំដៅថាជា “មូលធនកម្មទីផ្សារ” របស់សាជីវកម្មមួយ។
របាយការណ៍របស់ Global Witness បានរាយការណ៍ដោយមិនចេះគិតទៅលើ “តម្លៃភាគហ៊ុនដែលមាន” របស់ក្រុមហ៊ុន “ពាក់ព័ន្ធ” ទៅនឹងសមាជិកគ្រួសារត្រកូលហ៊ុន។ ចំណុចនេះមិនអាចទៅរួចទាល់តែសោះ។
ទីផ្សារភាគហ៊ុនកម្ពុជា គឺនៅថ្មីណាស់ ហើយមានក្រុមហ៊ុនចុះបញ្ជីចំនួនតែ៣ប៉ុណ្ណោះនៅកម្ពុជា៖ គឺកំពង់ផែស្វ័យតភ្នំពេញ (Phnom Penh Autonomous Port) ក្រុមហ៊ុន Grand Twins International (Cambodia) Plc. និងអាជ្ញាធររដ្ឋាករទឹកភ្នំពេញ (Phnom Penh Water Supply Authority)។
របាយការណ៍របស់អង្គការ Global Witness បានលើកឡើងហាក់ដូចវាជារឿងតែមួយ គឺជាដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន ហើយក៏គេហៅថាដើមទុនផ្លូវការ។ នៅកម្ពុជាដើមទុនដែលគេចុះបញ្ជី គឺជាតម្លៃនៃភាគហ៊ុន ដែលក្រុមហ៊ុនមួយអាចលក់ភាគហ៊ុនរបស់ខ្លួន ដែលការលក់មិនត្រូវលើសពីចំនួន ដែលបានវិនិយោគដោយម្ចាស់ភាគហ៊ុនឡើយ។
ពេលដែលពេលវេលារំកិលទៅមុខ គឺវាអាចទៅរួចណាស់ ដែលតម្លៃពិតប្រាកដរបស់ក្រុមហ៊ុនមួយអាចខុសពីតម្លៃនៃដើមទុន ដែលបានចុះបញ្ជី ដោយសារតែព្រឹត្តិការណ៍អំណោយផល ឬមិនអំណោយផល។ (បញ្ហានេះ គឺវាកើតមានចំពោះដើមទុនដែលគេមាន ដែលកម្រកើតមាននៅក្នុងរយៈពេលវែង ពីព្រោះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមួយអាចឡើង ឬចុះទៅតាមជោគជ័យ ឬបរាជ័យរបស់ខ្លួន)។
ប្រសិនបើក្រុមហ៊ុនចុះឈ្មោះមួយ ប្រកបអាជីវកម្មបានល្អម្ចាស់ក្រុមហ៊ុននោះ អាចសម្រេចចិត្តបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួន ដែលពួកគេអាចធ្វើបាន។ ឧទាហរណ៍ដោយយកប្រាក់ចំណេញមួយចំនួនរបស់ក្រុមហ៊ុនទៅវិនិយោគ បន្ទាប់មកពួកគេអាចលក់ភាគហ៊ុនខ្លះ ឬភាគហ៊ុនទាំងអស់ ស្របទៅតាមដើមទុនដែលបានបង្កើន។
ប៉ុន្តែប្រសិនបើក្រុមហ៊ុនមួយខាតបង់លុយកាក់ ម្ចាស់ក្រុមហ៊ុននោះគ្មានផលប្រយោជន៍អ្វី ដែលត្រូវកាត់បន្ថយដើមទុនដែលបានចុះបញ្ជីនោះទេ ព្រោះការធ្វើបែបនេះអាចនឹងកាត់បន្ថយឱកាសរបស់ខ្លួន ក្នុងការស្តាវិនិយោគទុនរបស់ខ្លួនឡើងវិញ។
ដូច្នេះដើមទុនចុះបញ្ជីរបស់គេមិនបានប្រាប់ឲ្យយើងដឹងច្រើនទេ ថាតើក្រុមហ៊ុនមួយប្រកបអាជីវកម្មបានល្អ ឬមិនបានល្អនោះទេ។ ក្រុមហ៊ុនមួយពិតជាអាចមានតម្លៃច្រើន ឬតិចជាងដើមទុនចុះបញ្ជីរបស់គេ។
ចំនួនតួលេខដែលច្រើនជាងគេ ដែលអង្គការ Global Witness បានអះអាងថា “អាណាចក្រ ២០០លានដុល្លារ” គឺជាកម្មសិទ្ធ (មួយចំណែក) របស់ ម៉ែន ភក្តី នៃក្រុមហ៊ុន “D&M តំបន់សេដ្ឋកិច្ចពិសេស” (D&M SEZ) នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងបាវិត។ លោកស្រី ម៉ែន ភក្តី ត្រូវបានរៀបរាប់ថា ជាម្តាយក្មេកនៃកូនពីរនាក់របស់នាយករដ្ឋមន្រ្តី ដែលគេចាត់ទុកគាត់ថា ជា “សមាជិក គ្រួសារត្រកូល ហ៊ុន”។ ក្រុមហ៊ុននេះត្រូវបានរាយនាមក្នុងតារាង នៃរបាយការណ៍ថា មានតម្លៃ៥២លានដុល្លារ គឺបានន័យថា មានតម្លៃជាង១ភាគ៤ នៃ "អាណាចក្រ២០០លានដុល្លារ”។
* ការសាបព្រួសភាពរវើរវាយ
ភាពខុសឆ្គងដ៏ធំទីពីរ នៅក្នុងរបាយការណ៍ Global Witness នោះគឺថា តួលេខរបស់ពួកគេនូវដើមទុននៃការចុះបញ្ជី ដែលមានសមាជិករបស់គ្រួសារត្រកូល ហ៊ុន ជាម្ចាស់នោះ គឺត្រូវបានពន្លើសទាំងស្រុង ។ ដូចភាគច្រើនដែលបានបង្ហាញនៅក្នុងតារាងតុល្យការ។ តួលេខទាំងនេះត្រូវបានសរុបនៅផ្នែកខាងក្រោម ដែលមានចំនួន២០១.២២៣.៦៦៨ដុល្លារ។ នេះជាចំនួនដែលផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយអំពី “ទ្រព្យសម្បត្តិរបស់គ្រួសារត្រកូល ហ៊ុន”។ ប៉ុន្តែអត្ថន័យពិតប្រាកដតែមួយគត់របស់វានោះ គឺអាចជាម្ចាស់កម្មសិទ្ធិដ៏អតិបរិមារបស់អ្នកដែលគេបានរាយនាម ប្រសិនបើពួកគេជាម្ចាស់កម្មសិទ្ធិក្រុមហ៊ុនទាំងអស់ ដែលបានរាយនាម តែតាមពិតពួកគេមិនមែនជាម្ចាស់កម្មសិទ្ធិទាំងស្រុងនោះទេ។
ឧទាហរណ៍ កូនស្រីរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ហ៊ុន ម៉ាណា ត្រូវបានគេចាត់ទុកថា ជាម្ចាស់ភាគហ៊ុន (Shareholder) នៅក្នុងក្រុមហ៊ុន Viettel ដែលជាក្រុមហ៊ុនវៀតណាម ដែលគ្រប់គ្រងក្រុមហ៊ុន Metfone។ ដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន Viettel ដែលបញ្ចូលនៅក្នុងតារាងរបស់អង្គការ Global Witness គឺចំនួន ៤៤.៨៧៧.១៦៨ ដុល្លារ។ ដូច្នេះទឹកប្រាក់ចំនួន ៤៤.៩លានដុល្លាររបស់ Viettel នោះ ហាក់បីដូចជាផ្នែកមួយ (ដែលនិយាយបែបប្រហែលៗ) នៃប្រាក់តម្លៃ២០០លានដុល្លាររបស់គ្រួសារត្រកូល ហ៊ុន។ អញ្ចឹងអត្ថបទរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានលើកឡើងនូវ “ភាគហ៊ុនចំនួន៦ភាគរយ របស់លោកស្រី ហ៊ុន ម៉ាណា ដែលមានតម្លៃ៤៤លានដុល្លារ គឺនៅក្នុងក្រុមហ៊ុន Viettel” ទាំងមូល។ ប៉ុន្តែកាសែតភ្នំពេញប៉ុស្តិ៍ទទួលព័ត៌មានខុស តាមរបៀបដែលអង្គការ Global Witness បង្ហាញតួលេខ។ លោកស្រី ហ៊ុន ម៉ាណា ជាម្ចាស់ភាគហ៊ុនត្រឹមតែ៦ភាគរយប៉ុណ្ណោះ។ ចំនួន៦ភាគរយ នៃទឹកប្រាក់សរុប ៤៤,៩ លានដុល្លារ គឺមានចំនួនប្រហាក់ប្រហែលនឹង២,៧លានដុល្លារប៉ុណ្ណោះ មិនមែន៤៤លានដុល្លារនោះទេ។ ទ្រព្យសម្បត្តិដែលគេស្មានរបស់គ្រួសារត្រកូល ហ៊ុន បានថយចុះ៤២លានដុល្លារ។ នេះគឺជាចំនួនដ៏ធំមួយ។
ជាការពិត អង្គការ Global Witness បានកំណត់អត្តសញ្ញាណក្រុមហ៊ុនត្រឹមតែ១៦ប៉ុណ្ណោះ ដែលអង្គការនេះអះអាងថា បានដឹងទាំងដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន និងទំហំនៃការកាន់កាប់ភាគហ៊ុនរបស់សមាជិករបស់គ្រួសារត្រកូល ហ៊ុន។ នេះគឺជាតួរលេខនៃការវិនិយោគរបស់គ្រួសារនាយករដ្ឋមន្ត្រី រាប់បញ្ចូលទាំងសាច់ថ្លៃ ដែលទាំងភាគរយនៃភាគហ៊ុន និងដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន ត្រូវបានចងក្រងដោយអង្គការ Global Witness ។
ភាគរយនៃភាគហ៊ុននិងដើមទុនដែលកាន់កាប់ដោយសាច់ថ្លៃរបស់កូនៗនោះ គឺបានបង្ហាញផ្នែកខាងក្រោមរបស់តារាង។
ដូចដែលបានឃើញហើយ តាមការរាយនាមនៃដើមទុនចុះបញ្ជីទាំងស្រុង ជាផ្នែកនៃម្ចាស់ដើមទុន របស់សមាជិកគ្រួសារ ឬសាច់ថ្លៃរបស់កូនៗនាយករដ្ឋមន្រ្តី ហ៊ុន សែន, របាយការណ៍របស់អង្គការ Global Witness បាននិយាយពន្លើសចំពោះតម្លៃដែលជាសម្បត្តិផ្ទាល់របស់ពួកគេ នៅក្នុងក្រុមហ៊ុនទាំង១៦នេះ ដោយទឹកប្រាក់ជិត៦៨លានដុល្លារ។ (ហើយនោះគឺមិនបានកាត់បន្ថយចេញ នូវតម្លៃបន្ថែមទៀតណាមួយពីតំបន់សេដ្ឋកិច្ចពិសេស D&M SEZ)។ របាយការណ៍ Global Witness មិនបានបញ្ជាក់នូវតម្លៃនៃក្រុមហ៊ុនរបស់គ្រួសារនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬសាច់ថ្លៃនោះទេ។
អង្គការ Global Witness បានលើកឡើងថា ក្រុមហ៊ុនចំនួន៣០ ត្រូវបានចាត់ទុកថា ជាកម្មសិទ្ធិទាំងមូលរបស់គ្រួសារនោះ ដោយសារតែក្រុមហ៊ុនទាំងនោះត្រូវបានចុះបញ្ជីជា “ក្រុមហ៊ុនឯកជនផ្តាច់មុខរបស់សមាជិកតែម្នាក់” ដែលមានន័យថា ក្រុមហ៊ុនទាំងអស់នោះត្រូវបានកាន់កាប់ទាំងស្រុងដោយមនុស្សតែម្នាក់។ អង្គការ Global Witness និយាយ ថា “សមាជិកគ្រួសាររបស់ត្រកូល ហ៊ុន ត្រូវបានរាយនាមថា ជាប្រធានក្រុមហ៊ុន នៅក្នុងករណីក្រុមហ៊ុនទាំង៣០នេះ ដូច្នេះមានន័យថា សមាជិកម្នាក់របស់គ្រួសារនោះ គឺជាម្ចាស់តែម្នាក់គត់ នៃក្រុមហ៊ុនស្ទើរតែទាំងអស់”។
នោះហាក់បីដូចជា ការកាត់បន្ថយមួយដ៏សមហេតុផល ប៉ុន្តែអង្គការ Global Witness ហាក់បីដូចជា ស្នាក់ស្ទើរក្នុងការទាញការសន្និដ្ឋានបន្ថែមទៀត ឬក៏អនុញ្ញាតឲ្យអ្នកអានយល់ដូច្នេះ។ តារាងរបស់អង្គការ Global Witness ដែលបានសរសេរថា “ការរកឃើញពេញលេញរបស់យើង” នោះពិតជាមិនបានរាយការណ៍នូវអ្វីៗដែលអង្គការនេះបានដឹងនោះទេ, ដោយសារតែខ្លួនមិនបានស្គាល់ច្បាស់អំពីអត្តសញ្ញាណក្រុមហ៊ុនទាំង៣០ នោះ។ អង្គការ Global Witness ពិតជាដឹងថា ក្រុមហ៊ុនមួយណាមានម្ចាស់តែម្នាក់ ប៉ុន្តែខ្លួនមិនបានប្រាប់អ្នកអាននោះទេ។ រឿងនេះធ្វើឲ្យខ្ញុំអាចគិតទៅដល់មូលហេតុជាក់ច្បាស់នៃការភ័ន្តភាំងដោយចេតនា ប៉ុន្តែវាមិនបានឆ្លុះបញ្ចាំងច្បាស់នៅក្នុងរបាយការណ៍អង្គការ Global Witness នោះទេ។
ប្រសិនបើការស្រាវជ្រាវរបស់អង្គការ Global Witness រកឃើញថា សមាជិករបស់គ្រួសារត្រកូល ហ៊ុន ធ្វើជាប្រធានរបស់ក្រុមហ៊ុនដែលមានម្ចាស់តែម្នាក់ ដោយមានដើមទុនចុះបញ្ជីចំនួន ១លានដុល្លារ ឬ ៥លានដុល្លារ ឬ១០លានដុល្លារនោះ ហើយមានភស្តុតាងច្បាស់ពីទ្រព្យសម្បត្តិដ៏ច្រើនជាងនោះ៖ គឺប្រាកដណាស់អង្គការ Global Witness នឹងចេញតួលេខយ៉ាងច្បាស់ប្រាប់យើងហើយ បើទ្រព្យសម្បត្តិនេះ តិចនិងកាត់បន្ថយជាងអ្វីដែលគេដឹងនោះ គេលាក់មិនចេញផ្សាយទេ។
ការដែលរបាយការណ៍នោះ មិនបានដឹងច្បាស់អំពីអត្តសញ្ញាណណាមួយ របស់ក្រុមហ៊ុនទាំង៣០នោះ គឺវាបង្ហាញថា ភាគច្រើននៃក្រុមហ៊ុនទាំងអស់នោះមិនមានទំហំធំនោះទេ។ ហើយក្នុងចំណោមក្រុមហ៊ុនដែលបានរាយឈ្មោះនៅក្នុងតារាងឧបសម្ព័ន១ មានឈ្មោះរបស់ប្រធាន ឬនាយក និងដើមទុនចុះបញ្ជី អាចមានដើមទុនចុះបញ្ជីត្រឹមតែ១០០០ ទៅ ៥០០០ដុល្លារប៉ុណ្ណោះ។
ប្រសិនបើអង្គការ Global Witness មានភាពមន្ទិលនោះ យើងអាចនិយាយដោយកំណត់ថា សមាជិកម្ចាស់កម្មសិទ្ធិនៃក្រុមហ៊ុនទាំង៣០នោះ បានចុះបញ្ជីនូវទឹកប្រាក់ចំនួន៥០០០ដុល្លារនោះ ដូច្នេះសរុបចំនួន១៥០.០០០ដុល្លារទៅ។ ដោយបូកបន្ថែមចំនួនទាំងនោះយើងនឹងទទួលបាននូវការកាន់កាប់ភាគហ៊ុនរបស់គ្រួសារត្រកូល ហ៊ុន ក្នុងទឹកប្រាក់ប្រហែល១៥លានដុល្លារ និងបូកបន្ថែមរបស់សាច់ថ្លៃរបស់កូនៗរបស់គេនោះ តម្លៃសរុបនោះគឺចំនួនប្រមាណ៤៧លានដុល្លារ។ តួរលេខទាំងពីរនោះគឺខុសគ្នាឆ្ងាយណាស់ពីចំនួន២០១លានដុល្លារដែលគេខំបំពង ដោយ Global Witness ។
តួរលេខនេះមានភាគរយដ៏តូចណាស់សម្រាប់ ផ.ស.ស (GDP) របស់កម្ពុជា ១៨ពាន់លានដុល្លារ។ វាគ្មានន័យសោះសម្រាប់អង្គការ Global Witness ក្នុងការនិយាយថា ចំនួននោះ «គឺជាគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា» ឬស្មើទៅនឹង «ការគ្រប់គ្រងយ៉ាងធំនៅក្នុងឧស្សាហកម្មដែលមានតម្លៃធំៗភាគច្រើន»៕
ដោយជនជាតិអូស្ត្រាលី៖ លោក Allen Myers