(ភ្នំពេញ)៖ គណបក្សនគរប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍មួយ គាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចប្រកបដោយគតិយុត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលចេញសេចក្ដីប្រកាសសម្រេចបិទផ្លូវតវ៉ាបណ្ដឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ក្នុងការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

តាមរយៈសេចក្តីថ្លែងការណ៍របស់គណបក្សនគរប្រជាធិបតេយ្យ បានលើកឡើងថា ដោយហេតុថាគណបក្សទាំងពីរនេះ បានអនុវត្តប្រាសចាក និងផ្ទុយពីច្បាប់ស្ដីពីការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ដែលជានីតិរដ្ឋ ទទួលស្គាល់ដោយអង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើង ទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះ ឆ្នោត ជ្រើស តាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្រោយការសម្រេចនេះ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានពន្យល់បន្ថែមថា គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនអាចចូលរួមបោះ ឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ បាននោះទេ៕