(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគជប៉ុន GOMI Recycle 110 កំពុងសិក្សាបង្កើតរោងចក្រកែច្នៃប្លាស្ទីក ទៅជាផលិតផលសម្ភារៈសំណង់ និង គ្រឿងសង្ហារិម នៅក្នុងខេត្តស្វាយរៀង។ គម្រោងបង្កើតរោងចក្រកែច្នៃប្លាស្ទីកនេះ ទទួលបានគាំទ្រពេញទំហឹងពីក្រសួងបរិស្ថាន ព្រោះរោងចក្រនេះ មិនត្រឹមតែផ្តល់ការងារជូនពលរដ្ឋខ្មែរនោះទេ តែក៏ជួយកម្ចាត់កាក់សំណល់ ថ្លង់ប្លាស្ទីក ដែលជាបញ្ហាសម្រាប់បរិស្ថានផងដែរ។
លោក Yusuke Okumura អគ្គនាយកក្រុមហ៊ុន GOMI Recycle 110 អមដំណើរដោយប្រតិភូទីភ្នាក់ងារ JICA នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ម្សិលមិញ បានចូលជួបរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដើម្បីបង្ហាញគម្រោងវិនិយោគ និងបច្ចេកវិទ្យាកែច្នៃសំណល់ប្លាស្ទីក។
លោក សាយ សំអាល់ បានសម្ដែងការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន។ លោករដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនបន្ត សហការជាមួយមន្ត្រីបច្ចេកទេស និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាដល់ដំណើរការវិនិយោគ ស្របតាមគោលការណ៍ណែនាំ និង បទដ្ឋានបច្ចេកទេស។
លោក សៅ សុភាព នាយកខុទ្ទកាល័យក្រសួងបរិស្ថាន បានប្រាប់ Fresh News នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ គម្រោងបង្កើតរោងចក្រកែច្នៃប្លាស្ទីក ជាផលិតផលសម្ភារៈ សំណង់ និង គ្រឿងសង្ហារិម នៅខេត្តស្វាយរៀងនេះ ស្ថិតក្នុងការសិក្សានៅឡើយ។ តែ ក្រុមហ៊ុនវិនិយោគជប៉ុន GOMI Recycle 110 បានបង្ហាញការជឿជាក់ថា គម្រោងនេះនឹងសម្រេចឲ្យ បានក្នុងពេលឆាប់ៗនេះ។
លោក សៅ សុភាព បានបន្ថែមថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុននេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើន ដល់កម្ពុជា ដូចជាទាញយកសំណល់ប្លាស្ទីក ជាវត្ថុធាតុដើមកែច្នៃ សម្រាប់ប្រើប្រាស់ និង ជំរុញការប្រមែប្រមូលប្លាស្ទីក ដើម្បីកាត់បន្ថយសំរាមពីគ្រប់មជ្ឈដ្ឋាន និងចុងក្រោយ ក៏អាចជួយឲ្យប្រជាពលរដ្ឋឲ្យមានការងារធ្វើ ដែលជាកត្តាចំណេញ ដល់សេដ្ឋកិច្ចជាតិ។
តែទោះជាយ៉ាងណា លោក សៅ សុភាព មិនបានដឹងពីទំហំទឹកប្រាក់វិនិយោគ របស់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រ កែច្នៃប្លាស្ទីកនេះនៅ ឡើយទេ៕