(កណ្តាល)៖ លោក កែវ បេងវឌ្ឍន៍ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះខេត្តកណ្ដាល ទទួលបន្ទុកស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និងក្រុងអរិយក្សត្រ បានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៤,៥៩២ម៉ែត្រ ផ្លូវថ្មមិចប្រវែង ៤,២៦៨ម៉ែត្រ និងលូរំដោះទឹកប្រវែង ៦៥៨ម៉ែត្រ នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ក្នុងឃុំព្រែកអំពិល ក្រុងអរិយក្សត្រ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២។

នាឱកាសនោះលោក កែវ បេងវឌ្ឍន៍ បានបញ្ជាក់ថា ក្នុងរយៈពេល៤ឆ្នាំនេះ ក្រុមការងារគណៈពង្រឹងរួមជាមួយបងប្អូនទាំងអស់ បានរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំក្នុងការចូលរួមអភិវឌ្ឍ ស្រុក ភូមិ ជាពិសេស គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសង្កាត់ព្រែកអំពិល។

តាមការផ្តល់របាយការណ៍របស់ក្រុមការងារបច្ចេកទេស គិតមកដល់ពេលនេះ ក្រុមការងារគណៈពង្រឹងចូលរួមកសាងផ្លូវបេតុង បានចំនួន១០,៦៤៥ម៉ែត្រ ផ្លូវចាក់ថ្មម៉ិចបាន ១១,៥៣៨ម៉ែត្រ លូរំដោះទឹកបាន ១,២១៣ម៉ែត្រ។ ដោយឡែក នៅថ្ងៃនេះបានបើកការដ្ឋានបន្តសាងសង់ផ្លូវបេតុង ប្រវែង ៤,៥៩២ម៉ែត្រ ផ្លូវថ្មមិចប្រវែង ៤,២៦៨ម៉ែត្រ និងលូរំដោះទឹកប្រវែង ៦៥៨ម៉ែត្រ។ ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្រុមការងារគណៈពង្រឹងសង្កាត់ព្រែកអំពិល សូមសន្យាថានឹងបន្តចូលរួមអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរបស់សង្កាត់ព្រែកអំពិលឱ្យទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

លោក កែវ បេងវឌ្ឍន៍ បានលើកឡើងថា ឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ គឺជាឆ្នាំដ៏វិសេសវិសាលបំផុតសម្រាប់ប្រទេសកម្ពុជា ដោយសារតែកិត្តិនាមរបស់កម្ពុជា រឹងរឹតតែល្បីរន្ទឺសុះសាយទូទាំងពិភពលោក តាមរយៈនៃការរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្រ្តមិនអាចបំភ្លេចបានរួមមាន៖

ទី១៖ ម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ប្រកបដោយជោគជ័យ កាលពីចុងឆ្នាំ២០២២ ដែលមានមេដឹកនាំទូទាំងពិភពលោក បានមកចូលរួមនៅក្នុងប្រទេសកម្ពុជា

ទី២៖ ម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដែលទើបតែកន្លងទៅថ្មីៗនេះ។លទ្ធផលនៃការប្រកួត SEAGAMES លើកនេះក៏ត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្រ្តផងដែរ ដោយសារតែកម្ពុជា យើងទទួលបានមេដាយ ដ៏ច្រើនលើសពីពេលណាៗទាំងអស់ គឺសរុបចំនួន ២៨២មេដាយ (មេដាយមាសចំនួន៨១មេដាយ ប្រាក់ចំនួន៧៤ និងមេដាយសំរិទ្ធចំនួន១៦៧)។

ទី៣៖ លើសពីនេះទៅទៀត នៅក្នុងរយៈពេល តែ៥៨ថ្ងៃទៀតប៉ុណ្ណោះនឹងមានព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តថ្មីមួយទៀតនឹងមកដល់នោះ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតសម្រាប់កំណត់នូវជោគវាសនា និងអនាគតរបស់យើងទាំងអស់គ្នា ពោលគឺការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់ ដើម្បីធានាបាននូវសន្តិភាពការអភិវឌ្ឍ និងដើម្បីលើកកម្ពស់ជីវភាពរបស់យើងទាំងអស់គ្នា។ ដូច្នេះ សូមអំពាវនាវជូនចំពោះបងប្អូនទាំងអស់គ្នា សូមត្រៀមខ្លួនឱ្យបានល្អទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីខ្លួនយើង គ្រួសារយើង ស្រុកភូមិយើង និងប្រទេសជាតិយើង។

លោកបានអំពាវនាវប្រជាពលរដ្ឋសូមចូលរួមថែរក្សានូវសមិទ្ធផលទាំងអស់ដែលយើងទទួលបានជាពិសេស គឺផ្លូវដែលយើងទទួលបាន ព្រោះថាប្រសិនបើមានការថែទាំ និងជួសជុលដិតដល់ ផ្លូវនេះអាចប្រើប្រាស់ បានរាប់សិបឆ្នាំតទៅមុខ, សូមមេត្តាចូលរួមទាំងអស់គ្នា គោរពច្បាប់ចរាចរនៅពេលធ្វើដំណើរ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ, អាជ្ញាធរពាក់ព័ន្ធ និងបងប្អូនយើងទាំងអស់សូមរួមគ្នា បំបាត់អំពើអសកម្មនានា ដែលកើតមាននៅក្នុងភូមិ-ឃុំ-សង្កាត់ មានដូចជា៖ អំពើលួច ឆក់ ប្លន់ បងធំបងតូច ការប្រើប្រាស់គ្រឿងញៀន។ល។ ដែលសុទ្ធតែជាអំពើដែលសង្គមស្អប់ខ្ពើម៕