(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១ នៅទីក្រុងអូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ដែលរៀបចំចាប់ពីថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០១៦ ដោយកិច្ចប្រជុំនេះ បានបញ្ចប់ទៅជាមួយនឹង ការអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ ក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទាំង៥១ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីភេរវកម្មអន្តរជាតិ ថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះអំពើភេរវកម្ម នៅគ្រប់តំបន់ លើពិភពលោក។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ថ្នាក់ដឹកនាំនៃប្រទេស ដែលចូលរួមក្នុងកិច្ចប្រជុំកំពូល បានថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះការវាយប្រហារភេរវកម្មដ៏សាហាវយង់ឃ្នង ក្នុងតំបន់អឺរ៉ុប អាស៊ី និងតំបន់ផ្សេងទៀត ដែលក្នុងនោះរួមមានទាំង ការវាយប្រហារនៅទីក្រុងនីស (Nicee) ប្រទេសបារាំងផដែរ។
ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ក៏បានគូសបញ្ជាក់ជាថ្មី ពីការថ្កោលទោសច្បាស់លាស់ដ៏ខ្លាំងក្លាចំពោះគ្រប់រូបភាព និងសកម្មភាពទាំងអស់នៃភេរវកម្ម ទោះបីជាអំពើទាំងនោះ ប្រព្រឹត្តដោយអ្នកណា នៅកន្លែងណា និងក្នុងគោលបំណងអ្វីក៏ដោយ។
លើសពីនេះទៅទៀតនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំង៥១ បានគូសបញ្ជាក់ពីសារសំខាន់ ក្នុងការពង្រឹងការតភ្ជាប់ ផ្នែករឹង និងទន់រវាងអាស៊ី និងអឺរ៉ុប ធ្វើឲ្យពាណិជ្ជកម្មបើកចំហ និងសមាហរណកម្មសេដ្ឋកិច្ច កាន់តែប្រសើរឡើង និងបង្កើនភាពជាដៃគូជិតស្និទ្ធនៃតំបន់ទាំំងពីរ ដើម្បីដោះស្រាយបញ្ហាប្រឈម រួមមានជាអាទិ៍ ការប្រៃប្រួលអាកាសធាតុ ការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ ទេសន្តរប្រវេសន៍ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអំពើជ្រុលនិយមហិង្សាជាដើម៕