(ត្បូងឃ្មុំ)៖ អតីតថ្នាក់ដឹកនាំមូលដ្ឋាន និងសមាជិកគណបក្សភ្លើងទៀន ចំនួន៣២នាក់ មកពីឃុំកក់ ក្នុងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំ បានសម្រេចចិត្តទម្លាក់ស្លាកផ្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ឈ្មោះ គុជ អឿន ភេទប្រុស អាយុ ៤៩ឆ្នាំ នាព្រឹកថ្ងៃទី២៦ ខែឧសាភា ឆ្នាំ២០២៣ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

អតីតថ្នាក់ដឹកនាំមូលដ្ឋាន និងអ្នកគាំទ្រគណបក្សភ្លើងទៀន បានអានពាក្យស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញឧត្តមគតិស្នេហាជាតិ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ធ្វើឱ្យប្រជាជន ជឿជាក់លើការដឹកនាំរបស់ប្រជាជនកម្ពុជា។

អតីតថ្នាក់ដឹកនាំ និងសមាជិកគណបក្សភ្លើងទៀន បានបន្ដទៀតថា នៅគ្រប់កាលៈទេសៈគណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាជន ជួយដោះស្រាយបញ្ហា តម្រូវការ របស់ប្រជាជនបានទាន់ពេលវេលា។ ដូច្នេះយើងខ្ញុំទាំងអស់គ្នា ជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ថាជាគណបក្សដែលអាចចូលរួមរស់ជីវភាពនយោបាយ និងចូលរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ជាតិ ព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ពួកគាត់បានធ្វើការប្តេជ្ញាចិត្ត ស្មោះស្ម័គ្រ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណ្ណត្តិ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕