(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដើម្បីផ្តល់កន្លែងប្រមូលផ្តុំគំនិតផ្តួចផ្តើមនានាឱ្យនៅក្រោមហេដ្ឋារចនាសម្ពន្ធតែមួយ និងផ្តល់សេវាកម្ម និងអនុវត្តកម្មវិធី ឬគម្រោងគាំទ្រធុរកិច្ច ព្រមទាំងធ្វើការសម្របសម្រួល និងកិច្ចសហការក្នុងការអភិវឌ្ឍធុរកិច្ច។

បន្ទាប់ពីបង្កើតមជ្ឈមណ្ឌលថ្មីនេះហើយ ក្រសួងសេដ្ឋកិច្ចបានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ធុរកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់បុគ្កលពាក់ព័ន្ធ និងជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការលើកកម្ពស់ធុរកិច្ច ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម និងដោយមានអនុសាសន៍របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។

លោក ហ៊ាន សាហ៊ីប បានបន្តថា នៅកម្ពុជាមានសកម្មភាពធុរកិច្ចក្រៅប្រព័ន្ធជច្រើន ដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ និងអង្គភាពសេដ្ឋកិច្ចធុនមីក្រូ ដែលមានក្នុងវិស័យលក់ដុំ លក់រាយ ជួសជុលយានយន្ត ដឹកជញ្ជូននិងស្តុកទំនិញ សេវាកម្មស្នាក់នៅនិងម្ហូបអាហារ និងសេវាកម្មផ្សេងទៀត ដូចជា បោកអ៊ុត កាត់សក់ កែសម្ផស្សជាដើម ដោយបានបង្កើតការងារធ្វើច្រើនកន្លែង និងចំណូលជូនប្រជាជន។

លោកបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បាននិងកំពុងផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឧទាហរណ៍ជាក់ស្តែង រាជរដ្ឋាភិបាលកំពុងអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនៅទូទាំងប្រទេស អនុញ្ញាតឱ្យអាជីវករដែលមានតូប រាន ស្តង់ ឬកន្លែងលក់ដូរដទៃទៀតទទួលបានសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល ហើយអាចផ្ទេរទៅកូនចៅ ឬអ្នកដទៃបាន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ការគ្រប់ដណ្តប់ការថែទាំសុខភាពដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយ:មូលនិធិសមធម៌សុខាភិបាល ដែលរដ្ឋជាអ្នករាប់រងចំណាយទាំងស្រុង។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវមានគោលនយោបាយ យុទ្ធសាស្រ្ត កម្មវិធី គម្រោង ព្រមទាំងការចូលរួមពីតួអង្គពាក់ព័ន្ធនានា។ ដោយឡែក ការលើកកម្ពស់សហគ្រិនភាព និងពង្រឹងសមត្ថភាពវិស័យឯកជន រួមទាំងធុរជនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងចូលរួមចំណែកសំខាន់សម្រាប់អភិវឌ្ឍធុរកិច្ចក្រៅប្រព័ន្ធ។ ក្នុងន័យនេះ តួអង្គពាក់ព័ន្ធអាចអនុវត្តសកម្មភាពនានា ដើម្បីគាំទ្រដល់ធុរកិច្ចក្រៅប្រព័ន្ធ ដូចជា ការប្រឹក្សាយោបល់ ការផ្តល់ការលើកទឹកចិត្ត ការបណ្តុះបណ្តាលលទ្ធភាពទទួលបានហិរញ្ញប្បទានជាដើម។

សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះត្រូវបានរៀបចំឡើងដោយមានកិច្ចសម្របសម្រួល និងដោយមានកិច្ចសហការជាមួយសហគ្រិនខ្មែរ សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាគមសហគ្រិនស្ត្រីកម្ពុជា សកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងសមាគមក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដទៃទៀត៕