Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឆ្លើយតបនឹងការ​ចេញផ្សាយ​របស់កា​សែត Cambodia Daily ដើម្បីកុំឲ្យ​សាធារណៈ​មតិយល់ច្រឡំ

19-07-2016 18:23

(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយរបស់កាសែត Cambodia Daily នៅថ្ងៃទី១៩ ខែកក្កដានេះ ជាមួយចំណងជើងថា «អាបេ ​ប្រាប់​លោក ហ៊ុន សែន ថា​សាលក្រម​សមុទ្រ​ចិន​​ស្ថាពរ​ហើយ​» ដោយក្នុងនោះលោក ផៃ ស៊ីផាន​ អ្នកនំាពាក្យរាជរដ្ឋាភិបាលកម្ពុជា ចោទប្រកាន់ថា ការសរសេរអត្ថបទផ្សាយជាសាធារណៈ នេះបានបំពានការពិត ធ្វើឲ្យសាធារណៈមតិ​យល់ច្រឡំខុស​ពីការពិត។

ជាមួយនឹងការបកស្រាយបំភ្លឺនេះ លោក ផៃ ស៊ីផាន បានចេញលិខិតចំហរមួយជូនសាធារណៈជន៖

ខ្ញុំមានសេចក្តីសោកស្តាយចំពោះការសរសេរអត្ថបទផ្សាយជាសាធារណៈបំពានការពិត ដែលអាចធ្វើឲ្យសាធារណៈមតិយល់ច្រឡំខុសពីការពិត ដែលបាន លើកឡើងថា៖ «ជប៉ុនមិនសូវនិយាយស្តី បានរិះគន់កម្ពុជាខ្លាំងៗ ហើយឆ្លុះបញ្ជាំងពីហនិភ័យគោលនយោបាយការបរទេស ក្នុងការកាន់ជើងប្រទេសចិន លើបញ្ហាមួយដែលបានធ្វើឲ្យ​បែបបាក់សាមគ្គីរវាង​ប្រទេសមហា​អំណាចធំបំផុតពីរ របស់អាស៊ី និងជាម្ចាស់ជំនួយសប្បុរសធម៌សម្រាប់កម្ពុជា»

ខ្ញុំសូមឆ្លៀតឱកាសជម្រាបអ្នកនិពន្ធទាំងពីរ លោក Ben Paviour និង លោក Michael Dickison របស់ការសែត Cambodia Daily ដែលបានផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។ អ្វីដែលជាការពិត ផ្ទុយពីការប្រឌិត និងបំភ័ន្តដោយចេតនា នៅក្នុងអត្ថបទរបស់លោកនោះគឺ “ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានថ្លែងនូវការកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបទ្វេភាគីរវាងជប៉ុន និងកម្ពុជា នៃវេទិកាអាស៊ី អ៊ឺរ៉ុប ក្នុងទីក្រុង Ulaanbaatar ប្រទេស Mongolia ស្តីពីជំហរ និងដំណោះស្រាយវិវាទ អធិបតេយ្យនៅក្នុងឈូងសមុទ្រចិនខាងត្បូង។ ដំណោះស្រាយទាំងនោះ គឺឈរនៅលើមូលដ្ឋាន នៃឯកភាពរបស់ ASEAN ដែលឈរនៅលើគោលការណ៍ ក្រមប្រតិបត្តិ (COC) ឥតងាករេ និងយកការដោះស្រាយតាមរយៈការងារទូត បញ្ជៀសនូវការប្រឈម ឬហិង្សា»។

ចំណុចទីពីរ ការលើកឡើងរបស់លោកទាំងពីរ ហួសពីដែនកំណត់នៃអ្នកសារព័ត៌មាន ហាក់ជាការជ្រៀតជ្រែកជាចំហរ និងសាធារណៈចំពោះការងាររដ្ឋរបស់កម្ពុជា ដែលជារដ្ឋឯករាជ្យ និងមិនជ្រៀត​ជ្រែកបញ្ហាផ្ទៃក្នុងរបស់បរទេសណាមួយ។ ការលើកឡើងថា កម្ពុជា “កាន់ជើងចិន” យើងខ្ញុំមិនអាចទទួលយកបានទេ គឺជាពាក្យញុះញង់ និងមិនអាចអនុគ្រោះបានទេ ហើយវាជាការបង្ករឿង និងបង្កើតឧបសគ្គនៃការយល់ច្រឡំ នៃទំនាក់ទំនងល្អ សហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន។

ខ្ញុំសូមឲ្យលោកទាំងពីពិនិត្យសារឡើងវិញ នូវការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ទាំងវិជ្ជាជីវៈ ក៏ដូចជាក្រមសីលធម៌ផងដែរ។ ហើយលោកទាំងពីរ ខ្ញុំក៏ពុំជឿថា ជាក្រុមវិទ្ធង្សនាប្រឆាំង និងរាជរដ្ឋាភិបាល ក៏ដូចជាផលប្រយោជន៍របស់កម្ពុជាឡើយ៕