(ភ្នំពេញ)៖ សហភាពពលកម្មជាតិកម្ពុជា ហៅកាត់ថា «NLC» បានហៅទ្វើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា ជាមនុស្សអាក្រក់សាហាវ និងមហាពិសពុលដែល មានមហិច្ឆិតាលោភលន់ ចង់បានកៅអីនាយករដ្ឋមន្រ្តី រហូតបានអំពាវនាវដល់សហភាពអឺរ៉ុប (EU) ឲ្យបញ្ឈប់ការនាំចេញសម្លៀកបំពាក់ ចេញពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបទៀតផង។
សេចក្តីថ្លែងការណ៍របស់ សហភាពពលកម្មជាតិកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «បងប្អូនកម្មករ-កម្មការិនី មេត្តាពិចារណាឲ្យបានច្បាស់ ចំពោះទ្វើដ៏សាហាវពិសពុលរបស់លោក សម រង្ស៊ី ដែលចង់បំផ្លាញសេដ្ឋកិច្ច ប្រជាជនខ្លួនឯង ដើម្បីបម្រើផលប្រយោជន៍បុគ្គល និងបក្ខពួកខ្លួនឯង»។
ជាមួយគ្នានេះ សហភាពពលកម្មជាតិកម្ពុជា ដែលមានលោក សំ សឿន ជាប្រធាននោះ ក៏បានអំពាវនាវដល់កម្មករនិយោជិតទូទាំងប្រទេស និងប្រជាពលរដ្ឋកម្ពុជា ធ្វើការពិចារណានូវទង្វើ របស់បុគ្គល សម រង្ស៊ី និងអត្តចរិកពិតប្រាកដ ដែលអាចបង្ហាញឲ្យ ប្រជាជនកម្ពុជាស្គាល់ កាន់តែច្បាស់នៅពេលនេះ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារ នាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ ត្រូវមានភ្ជាប់ជាមួយ នឹងលក្ខខណ្ឌ។ ការបញ្ជាក់របស់លោក សម រង្ស៊ី ធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់លោក ជាភាសាបារាំង នៅសភាអឺរ៉ុបកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ ហើយបទអន្តរាគមន៍នេះ ត្រូវបានដាក់ផ្សាយក្នុងបណ្តាញសង្គម របស់លោក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ រួចត្រូវបានដកស្រង់ ចេញពីវិទ្យុបារាំង RFI។
លោក សម រង្ស៊ី ត្រូវបានប្រជាពលរដ្ឋ កម្មករនិយោជិត ជាច្រើនម៉ឺនសែននាក់ ប្រកាសធ្វើការរិះគន់ថ្កោលទោសយ៉ាងកក្រើក បន្ទាប់ពីលោក បានស្នើឱ្យសហភាពអឺរ៉ុប អន្តរាគមន៍គាបសង្កត់ បិទកានាំចូលផលិតផលសម្លៀកបំពាក់ ទៅលក់នៅទីផ្សារអឺរ៉ុប៕