(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវកម្មករនិយោជិត រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាព ហើយសម្តេចតេជោ ក៏បានអំពាវនាវដល់ថៅកែ និងកម្មករ និយោជិតតាមរោងចក្រនានា រួមគ្នាថែរក្សាភាពសុខដុមផងដែរ។

«បើមានករណីវិវាទត្រូវដោះស្រាយឲ្យឆាប់ សហជីព ម្ចាស់រោងចក្រ តំណាងកម្មករ ខិតខំដោះស្រាយ ដោយមានការចូលរួមពីក្រសួងការងារ និងអាចជ្ញាធរមូលដ្ឋាន មានតែគោលការណ៍ឈ្នះ-ឈ្នះ ប៉ុណ្ណោះ ដែលអាចដោះស្រាយបាន ហើយចៀសវាងទៅតាមផ្លូវតុលាការ។ [...] យើងទាំងអស់គ្នា ត្រួវរួមគ្នាធ្វើយ៉ាងម៉េច ដើម្បីឲ្យប្រទេសជាតិយើង មានសេចក្តីសុខ មានស្ថិរភាព»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណាលជាមួយកម្មករ/កម្មការិនីប្រមាណ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រោងចក្រ សហគ្រាសទាំងអស់ ត្រូវក្លាយជាសហគមន៍សុខសាន្ត ហើយនិយោជក និងកម្មករ ត្រូវសាមគ្គីយោគយល់អធ្យាស្រ័យគ្នា ដោយយកច្បាប់ និងបទដ្ឋានទាំងអស់ធ្វើជាគោល។ ជាមួយគ្នានេះ សម្តេចតេជោ បានបន្តអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ យោគយល់ចំពោះកម្មករ-កម្មការិនី និងគិតគូរអំពីសុខទុក្ខកម្មករ ព្រោះនៅពេលដែលកម្មករមានសុខភាពល្អ កម្មករនឹងធ្វើការងារផ្តល់ទិន្នផលខ្ពស់។

ទន្ទឹមគ្នានេះ សម្តេចតេជោ បានជំរុញ និងលើកទឹកចិត្តដល់បណ្តាម្ចាស់រោងចក្រទាំងអស់ យកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលបន្ថែមដល់កម្មករ កម្មការិនី ដើម្បីបង្កើនជំនាញកាន់តែខ្ពស់ ខណៈផលិតផលល្បីៗមួយចំនួន នៅទីផ្សារអន្តរជាតិ គឺផលិតចេញពីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ៩០ជាង កម្ពុជា មានកម្មករនិយោជិតជាង ៨ម៉ឺននាក់ តែបច្ចុប្បន្នកម្ពុជាមានកម្មករនិយោជិតសរុប ៨១ម៉ឺននាក់។ សម្តេចតេជោ ចាត់ទុកការវិវឌ្ឍន៍ល្អនេះ ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ នាំទំនុកចិត្តសម្រាប់អ្នកវិនិយោគ។

ជាមួយនឹងការអំពាវនាវថៅកែរោងចក្រនានា យកចិត្តទុកដាក់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យកម្មករនិយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។

សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់កម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនាខាងមុខផងដែរ៕