(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យកម្មករ និយោជិតទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំដែលខ្លួនពេញចិត្ត។

ការអំពាវនាវបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមរំលឹកក្មួយៗថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំភ្លេចទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ជ្រើសរើសនូវគណបក្សនយោនបាយ ដែលខ្លួនពេញចិត្ត...!»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្រាប់ការចុះជួបកម្មករ និយោជិត របស់សម្តេច មិនមែនជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងពីសុខទុក្ខ និងស្ថានភាពការងាររបស់កម្មករ និយោជិត។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃឈ្នួលផ្ទះ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់កម្មករ និយោជិត ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព ហើយថៅកែ និងកម្មករ និយោជិតតាមរោងចក្រនានា រួមគ្នាថែរក្សាភាពសុខដុម។

គួរឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន១៨ លើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ដោយឡែកគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បានដិសេធមិនចុះបញ្ជីដោយសារមិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងច្បាប់កំណត់។ បន្ថែមពីនេះ គ.ជ.ប ក៏បានសម្រេចយកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត៕