(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា មកដល់ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ កម្ពុជា មិនទាន់ទទួលបានសំណើផ្លូវការ ណាមួយពីរដ្ឋាភិបាលតួកគី ឲ្យបិទសាលាហ្សាម៉ាន់ នៅកម្ពុជានោះឡើយ។
លោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់ក្រុម អ្នកព័ត៌មានទៀតថា ទាំងខាងភាគីសាលាហ្សាម៉ាន់ និងខាងស្ថានទូតតួកគី មិនទាន់ធ្វើសំណើមកខាងក្រសួងការបរទេសកម្ពុជានៅឡើយនោះទេ។ អ្នកនាំពាក្យរូបនេះ បន្តថា ប្រសិនបើមានសំណើ ពីខាងរដ្ឋាភិបាលតួកគី ឲ្យបិទសាលាហ្សាម៉ាន់មែននោះ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការពិចារណាដោយល្អិតល្អន់បំផុត។
ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា លោក Ilhan Khemal Tug ក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ បានប្រកាសថារដ្ឋាភិបាលតួកគីចង់ឲ្យមានការបិទសាលាអន្តរជាតិហ្សាម៉ាន់ នៅរាជធានីភ្នំពេញ ដោយចោទថា ជាប់ពាក់ព័ន្ធជាមួយចលនាលោក Gulen ក្នុងការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលតួកគី៕