(ភ្នំពេញ)៖​ ក្រោមការសម្របសម្រួលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.)​ ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក និងក្រុមហ៊ុន វ៉ាយខេម (WICAM) ខបភើរេសិន​ បានបញ្ចប់វិវាទនឹងគ្នា​ ហេីយនឹងធ្វេីការតភ្ជាប់បណ្ដាញឡើងវិញជូនអ្នកប្រើប្រាស់សេវា អ៊ីនធឺណិត របស់ ក្រុមហ៊ុន វ៉ាយ ខេម ខបភើរេសិន យ៉ាងយូរក្នុងរយៈពេល៣ថ្ងៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននៅយប់ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២៣នេះ​ បានឱ្យដឹងទៀតថា​ ក្រោមការសម្របសម្រួលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ជាលទ្ធផលក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក និងក្រុមហ៊ុន វ៉ាយខេម ខបភើរេសិន នឹងសហការគ្នា ដើម្បីធ្វើការតភ្ជាប់បណ្ដាញឡើងវិញជូនអ្នក ប្រើប្រាស់សេវា អ៊ីនធឺណិត របស់ ក្រុមហ៊ុន វ៉ាយ ខេម ខបភើរេសិន យ៉ាងយូរក្នុងរយៈពេល៣ (បី) ថ្ងៃ គិតចាប់ពី កាលបរិច្ឆេទនៃសេចក្តីប្រកាសព័ត៌មាននេះ។

ជាមួយគ្នានេះដែរ សាធារណជនអាចទាក់ទងមក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការឬតាមបណ្តាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា - Telecommunication Regulator of Cambodia” ក្នុងករណីមានតម្រូវការព័ត៌មានពាក់ព័ន្ធបន្ថែម៕