(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីបានប្រកាសថា នាយទាហានរាប់ពាន់នាក់ និងមន្ត្រីមួយចំនួនទៀតដែលចូលដៃ ចូលជើងនឹងបក្សពួកធ្វើរដ្ឋប្រហារនោះ នឹងមិនមានការកាត់ទោសប្រហារជីវិតនោះឡើយ បើទោះបីជាក្រោយរដ្ឋប្រហារដួលរលំ លោកប្រធានាធិបតីតួកគីសន្យាថា នឹងបង្កើតច្បាប់ប្រហារជីវិតឡើងវិញក៏ដោយ។ នេះបើតាមការចេញផ្សាយនៅមុន នេះបន្តិចដោយសារព័ត៌មាន CNN នាល្ងាចថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦។

ងាកមកមើលចំនួនមន្ត្រីសរុបដែលត្រូវបានដកចេញពីតំណែងវិញមានដូចជា៖

យោធាប្រមាណជាង ៦,០០០នាក់ ត្រូវបានចាប់ឃុំខ្លួន និងត្រៀមកាត់ទោស។
មន្ត្រីក្រសួងមហាផ្ទៃរួមទាំងកម្លាំងប៉ូលិសសរុប ៨,៧៧៧នាក់ ត្រូវបានដកចេញពីតំណែង ខណៈអភិបាលខេត្ត និងក្រុងសរុប ៣០នាក់ក៏ត្រូវបានដកហូតតំណែងដូចគ្នាដែរ។

នៅក្នុងចំណោមមន្ត្រីស្ថាប័នយោធាជាង ៦,០០០នាក់ដែលត្រូវចាប់ជុំខ្លួននោះ មាន១០៣នាក់មានឋានៈជា ឧត្តមសេនីយ៍ និង ឧត្តមនាវី ដែលជាតំណែងធំលំដាប់ទីបី នៅក្នុងជួរដឹកនាំជាន់ខ្ពស់នៃ ស្ថាប័នយោធាប្រទេសតួកគី។

ដោយឡែកសម្រាប់មនុស្សស្លាប់សរុបក្នុងរដ្ឋប្រហារនោះវិញ គឺមានជាង ២៣០នាក់ ត្រូវបានរដ្ឋាភិបាលអះអាងថា ជាប្រជាជន និងកងកម្លាំងរដ្ឋាភិបាល ខណៈជាង១០០នាក់ទៀតស្លាប់ គឺជាក្រុមមនុស្ស និងយោធាបះបោរ។

សូមជំរាបថា ទោះបីជាលោក Erdogan ចង់បង្កើតច្បាប់ប្រហារជីវិតដែលត្រូវបានលុបចោលកាលពីឆ្នាំ ២០០៤ នោះឡើងវិញក៏ដោយ ក៏លោកត្រូវតែទទួល បានសំឡេងគាំទ្រដាច់ខាតពីសមាជិកសភាសិន។ លោក Erdogan ក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់រដ្ឋាភិបាលរបស់លោកថា រដ្ឋប្រហារខាងលើនេះត្រូវបានលោកចាត់ទុក ជាអំពើភេរវកម្ម ដែលអាចនាំឲ្យមានការចាត់វិធានការក្តៅពីរដ្ឋាភិបាល ក្នុងបោសសម្អាតនោះ ដែលតាមពិត លោកគ្រាន់តែចាត់ទុកវា ជាយុត្តិកម្មដើម្បីបង្ក្រាបទៅលើក្រុមប្រឆាំងលោកតែប៉ុណ្ណោះ៕