(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អនុស្សរណៈយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក.អ.ក. និងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន ស.ឧ.ក.។

អ្នកឧកញ៉ា លី យ៉ុងផាត់ តំណាង ស.ឧ.ក. និងសហការីបានថ្លែងថា អ្នកឧកញ៉ាមានសេចក្តីសោមនស្សរីករាយដែល ក.ឧ.ក. និងស.ឧ.ក. បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ សជណ លេខ៣៥០ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកឧកញ៉ាបានបន្ថែមថា នេះជាការបោះជំហ៊ានដ៏សំខាន់ថ្មីមួយទៀតលើភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និង ការវិនិយោគដែលជាក្បាលម៉ាស៊ីននៃកំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ ។

អនុស្សរណៈយោគយល់គ្នានេះ មានភ្ជាប់ដោយផែនការសកម្មភាពសម្រាប់អនុវត្តក្នុងរយៈពេល៣ឆ្នាំ (២០២៣ -២០២៥) ដែលមាន១២ចំនុច អមដោយសូចនាករច្បាស់លាស់សម្រាប់វាស់វែងនូវកម្រិតជោគជ័យនៃសកម្មភាពនីមួយៗ។

អ្នកឧកញ៉ាបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេស លោករដ្ឋមន្រ្តីប្រតិភូ ដែលបានផ្តល់នូវការគាំទ្រពេញទំហឹងចំពោះសមាគមឧកញ៉ាកម្ពុជា។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ក.អ.ក. មានសេចក្តីរីករាយក្នុងការចុះអនុស្សរណៈយោគយល់គ្នានេះ។ ជាការពិត ការចុះហត្ថលេខាជាការងាយស្រួល តែការលំបាកគឺការអនុវត្តការងារដែលបានកំណត់ក្នុងផែនការសកម្មភាពដែលបានដាក់ចេញ។ យ៉ាងណាក៏ដោយ លោកមានសុទិដ្ឋិនិយមថាស្ថាប័នទាំង២ នឹងអនុវត្តការងារនេះបានជោគជ័យ ឈរលើគោលការណ៍នៃភាពជាដៃគូ។

លោករដ្ឋមន្ត្រីប្រតិភូ ក៏បានផ្តល់យោបល់អោយ ស.ឧ.ក. ត្រៀមខ្លួនផងដែរដើម្បីចូលរួមក្នុងកិច្ចសន្ទនាសំខាន់ៗជាមួយសមាគមពាណិជ្ជកម្មផ្សេងៗទៀតទាំងក្នុងនិងក្រៅប្រទេស៕