(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយឃុំពពក អមដំណើរដោយ លោក សៀង ម៉ាប់ អភិបាលរងស្រុកស្ទោង និងជាអនុប្រធានក្រុមការងារចុះជួយឃុំ និងសហការី បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តចំនួន៣វត្ត ព្រឹកថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៦ ដែលស្ថិតក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងនោះមានវត្តពពក វត្តអន្លង់ក្រាញ់ និងវត្តក្រសាំង ដែលពិធីនេះ បានរៀបចំទីកន្លែងនៅវត្តពពក។ ថ្លែងទៅកាន់បងបងប្អូនប្រជាពលរដ្ឋជាង៤០០នាក់ លោក គង់ វិមាន បានលើកឡើងថា នេះជាទឹកចិត្តសប្បុរសធម៌ដើម្បីជួយដល់ការលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានភាពរីកចម្រើនលូតលាស់ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ក្រោមការដឹកនាំពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
លោកបន្តថា ទីវត្តអារាមមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ ខ្មែរយើងតាំងពីយូរណាស់មកហើយ។ ការវេរប្រគេនទៀនព្រះវស្សានេះ គឺទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសល ផលបុណ្យ ដល់បុព្វការីជន សាច់សាលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលបានចែកឋានទៅកាន់ លោកខាងមុខផងដែរ។
សម្ភារៈបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះក្នុងមួយវត្តទទួលបាន មានទៀនវស្សា១គូ ស្លាដក១ ទឹកសុទ្ធ ១៥យួ ទឹកក្រូច១កេះ ត្រីខ ២ឡូ អង្ករ ៥០ គីឡូក្រាម ប្រេងម៉ាសូត ៤៣លីត្រ និង បច្ច័យ៤២ម៉ឺនរៀល ដើម្បីទុកសម្រាប់ប្រើប្រាស់
ពេលចូលព្រះវស្សា ក្នុងរយៈ ពេលអស់មួយត្រីមាស នៅក្នុងទីវត្ត។