(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិតសរុបចំនួន ១៩,០០០នាក់។ កម្មករ និយោជិតទាំងអស់នេះ មកពីរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) មានកម្មករ និយោជិត ១៦,០០០នាក់, រោងចក្រ រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករ និយោជិតចំនួន ១,៥០០នាក់ និងរោងចក្រ ដាគ្វានថេកស្ថាយ ខេមបូឌា (DAQIAN TEXTILE CAMBODIA) មានកម្មករ និយោជិតចំនួន ១,៥០០នាក់។
ជំនួបសំណេះសំណាលនេះធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ជំនួបសំណេះសំណាលនៅថ្ងៃស្អែកនេះ ជាជំនួបលើកទី៧ហើយ នៅតំបន់សេដ្ឋកិច្ចពិសេសនេះ។
បើតាមលោក អ៉ិត សំហេង បានឱ្យដឹងថា រោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ៥១ហិកតា ដើមទុនវិនិយោគ ២៥០លានដុល្លារសហរដ្ឋអាមេរិក (ដោយមិនគិតថ្លៃដី) បានចាប់ផ្តើមដំណើរការនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទរោងចក្រកាត់ដេរសំលៀកបំពាក់ អាវរងារ និងខោកីឡា ម៉ាកល្បីៗគឺ ណៃគី (NIKE), ប៉ូឡូ (POLO), លូលូឡេម៉ុន (LULULEMON) ផលិតផលនាំចេញទៅសហរដ្ឋអាមេរិក និងអ៉ឺរ៉ុប។ បរិមាណនាំចេញមាន ៤២,៩៥២,០២៨កំផ្លេ ក្នុងមួយឆ្នាំ ទំហំទឹកប្រាក់នាំចេញមានចំនួនប្រមាណ ៤២៧,៦៣១,០១៣ដុល្លារ ក្នុងមួយឆ្នាំ។
លោករដ្ឋមន្ត្រីបន្តថា រោងចក្រ បានអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារ មានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ: និងបានផ្តល់ជូននូវអត្ថប្រយោជន៍ជូនកម្មករ និយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២៤៥ដុល្លាអាម៉េរិក ទៅ ៦៩០ដុល្លារអាម៉េរិក។ ក្នុងនោះប្រាក់រង្វាន់ធ្វើការទៀងទាត់ ១៥ដុល្លារអាម៉េរិក ប្រាក់សោហ៊ុយធ្វើដំណើរ ២២ដុល្លារអាម៉េរិក ផ្តល់អាហារថ្ងៃត្រង់មួយពេល និងប្រាក់ឧបត្ថម្ភ ១០ដុល្លារអាម៉េរិក។
លោករដ្ឋមន្ត្រី ក៏បានឆ្លៀតឱ្យដឹងផងដែរថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។
តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារអាម៉េរិក មានរោងចក្រ សហគ្រាសសរុប៩៨ កំពុងដំណើរការ។ ក្នុងនោះមកអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោងចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សឹង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក ៣រោងចក្រ, កម្ពុជា ៣រោងចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បួង ១រោងចក្រ, ហ្វ៊ីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ) ប្រើប្រាស់កម្មករនិយោជិតសរុប ៤១,៣៧០នាក់ ទំហំទឹកប្រាក់នាំចេញ បានកើនដល់ ៩៧៧លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២។
ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖ បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ, កាត់ដេរសម្លៀកបំពាក់, ផលិតផលអាហារ និងភេសជ្ជៈ, សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត, សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ, ផលិតផលធ្វើពីផ្លាស្ទិក, ផលិតផលធ្វើពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះពុម្ព, កែច្នៃសំណល់, គ្រឿងសម្អាង, ស្បែកជើង, ផលិតផលធ្វើពីស្បែក ២, ផលិតផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ច្នៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជនីយដ្ឋាន ។ល៕