(តាកែវ)៖ ក្រុមប្រជាពលរដ្ឋចំនួន៥០គ្រូសារ នៅក្នុងក្រុងដូនកែវ ដែលមានជីវភាពក្រីក្រលំបាក នៅព្រឹកថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៦នេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ទូច អូន បាននាំយកអំណោយមួយចំនួន របស់លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី យកទៅចែកជួនបងប្អូនដើម្បីសម្រាល នូវទុក្ខលំបាកមួយរយៈពេល។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ទូច អូន បានពាំនាំនូវការសាកសួរសុខទុក្ខពីលោកបណ្ឌិតសភាចារ្យ សុខ អាន ដែលជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តតាកែវជូនដល់ប្រជាពលរដ្ឋ ដែលជានិច្ចការតែងតែយកចិត្តទុកដាកដល់សុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ ហើយតែងតែប្រាប់មន្រ្តីក្រោមឱវាទ ឲ្យចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយផ្ទាល់ដើម្បីដឹងពីការ លំបាករបស់ពួកគាត់ ហើយបើពួកគាត់ជួបបញ្ហាអ្វីមួយយើងត្រូវតែជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ។
លោកឧត្តមសេនីយ៍ត្រី ទូច អូន បានបន្តថា ដូចជាករណីបងប្អូនប្រជាពលរដ្ឋក្រីក្រទាំង៥០គ្រូសារ រស់នៅក្នុងក្រុងដូនកែវនៅថ្ងៃនេះ បន្ទាប់ពីលោកបណ្ឌិតសភាចារ្យ ទទួលដំណឹងពីការលំបាករួចមក លោកណែនាំមកលោក និងលោកអភិបាលក្រុងដូនកែវ ឲ្យនាំយក អំណោយមកចែកជូនបងប្អូន ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយមិនត្រូវប្រកាន់ពីនិន្នាការនយោបាយអ្វីនោះទេ។
លោកឧត្តមសេនីយ៍ត្រី ទូច អូន ក៏បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ ឲ្យបានគ្រប់គ្នាៗនិងនាំទៅ ចុះឈ្មោះបោះឆ្នោតនាខែកញ្ញាខាងមុខនេះ ដើម្បីនាំគ្នាទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០១៧ និងបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០១៨។
ការបោះឆ្នោតទាំងពីរនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់កំណត់វាសនាប្រទេសជាតិ។ ដូច្នោះសូមបងប្អូនពិចារណាឲ្យបាន ហ្មត់ចត់មុន និងសម្រេចចិត្តបោះឆ្នោតឲ្យ គណបក្សណាមួយ ថាតើគណបក្សណាដែលបំរើបងប្អូន និងដឹងសុខទុក្ខបងប្អូនពេលដែល បងប្អូនជួបការលំបាកនោះ៕