(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ សម្រេចប្រគល់តួនាទីថ្មី ឲ្យក្រុមហ៊ុនឯកជនមួយមានឈ្មោះថា PPDE & C ជាអ្នកគ្រប់គ្រងអំពូលភ្លើងបំភ្លឺ សាធារណៈជាង១ម៉ឺនដើម រយៈពេល២០ឆ្នាំ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់តាមរយៈ Facebook Page ផ្លូវការរបស់លោកនៅថ្ងៃទ១៩ ខែកក្កដានេះថា ពិធីចុះហត្ថលេខាកិច្ចសន្យា ផ្តល់ឲ្យក្រុមហ៊ុនជាអ្នកគ្រប់គ្រង អំពូលភ្លើងសាធារណៈនេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា ការប្តូរក្នុងការគ្រប់គ្រងថ្មីមួយនេះ ឲ្យទៅក្រុមហ៊ុន PPDE & C Co.Ltd គឺជារឿងសំខាន់មួយ ក្នុងការបំភ្លឺផ្លូវតាមសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋ មានការងាយស្រួល ក្នុងការធ្វើដំណើរផងដែរ។
លោកបញ្ជាក់ថា «រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំចុះកិច្ចសន្យាលើកិច្ចការសំខាន់មួយបម្រើប្រយោជន៍ សាធារណ:ជូនបងប្អូនប្រជាពលរដ្ឋយើង គឺការប្រគល់ការទទួលខុសត្រូវ ភ្លើងបំភ្លឺសាធារណ: ទៅក្រុមហ៊ុនឯកជនរយៈពេល២០ឆ្នាំ»។
គួរបញ្ជាក់ថា អំពូលភ្លើងបំភ្លឺសាធារណ:ប្រមាណជាង១ម៉ឺនដើម ក្នុងរាជធានីភ្នំពេញនឹងត្រូវប្តូរជាអំពូល LED ទាំងអស់ ហើយការមើលថែទាំ ជួសជុល បង់ថ្លៃអគ្គិសនី ជាបន្ទុករបស់ ក្រុមហ៊ុនទាំងស្រុង ជាថ្នូរនឹងការគ្រប់គ្រង ស្លាកផ្សាយពាណិជ្ជកម្មនានា៕