(ឥណ្ឌូនេស៉ី)៖ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកសុខុមាលភាពសង្គម និងការអភិវឌ្ឍ លើកទី១១ តាមរយៈអនឡាញ។ នៅក្នុងកិច្ចប្រជុំនោះ លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការការពារ និងផ្តល់អំណាចដល់ក្រុមងាយរងគ្រោះ តាមរយៈគំនិតផ្តួចផ្តើមគ្រប់ជ្រុងជ្រោយ និងការសម្របសម្រួលនានា។

ក្រោយមកលោកបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកសុខុមាលភាពសង្គម និងការអភិវឌ្ឍ បូក៣ លើកទី៧ តាមរយៈអនឡាញ។ លោកអគ្គលេខាធិការអាស៊ាន បានកោតសរសើរប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ សម្រាប់ការប្តេជ្ញាចិត្តមិនប្រែប្រួល និងការគាំទ្រពង្រឹងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយអាស៊ាន ពាក់ព័ន្ធនឹងសុខុមាលភាពសង្គម និងការអភិវឌ្ឍ តាមរយៈផែនការសកម្មភាពរបស់ប្រទេសរៀងៗខ្លួន។

នៅរសៀលនេះ លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tanja Fajon រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវេនី។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ចុងក្រោយនៅក្នុងតំបន់ និងពិភពលោក ហើយបានជំរុញធ្វើយ៉ាងណាពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងស្លូវេនី ឲ្យកាន់តែប្រសើរ។

លោកអគ្គលេខាធិការអាស៊ាន ក៏បានទទួលជួបពិភាក្សាការងារជាមួយ លោក Lahcene Kaid Slimane ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្តន៍ថ្មីៗ នៅក្នុងអាស៊ាន និងអាល់ហ្សេរី រួមទាំងដំណើរការដើម្បីចូលក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងរិះរកមធ្យោបាយ ដើម្បីនាំកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាល់ហ្សេរី ឲ្យកាន់តែប្រសើរ៕