(ប៉េកាំង)៖ មេបញ្ជាការជាន់ខ្ពស់យោធាចិនបានថ្លែងថា ទីក្រុងប៉េកាំងនឹងមិនបញ្ឈប់ការកសាងសមិទ្ធិផលនានា នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ បើទោះបីជាមានសាលក្រមតុលាការឡាអេ ចេញមកជំទាស់កាលពីថ្ងៃទី១២ ខែកក្កដា នោះក៏ដោយ។ នេះបើតាមការចេញនៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦។
ការប្រកាសនេះ បានធ្វើឡើងនៅអំឡុងពេលដែលមហាយក្សចិន ចាប់ផ្តើមសមយុទ្ធយោធាក្នុងសមុទ្រចិនខាងត្បូង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែកក្កដា នេះតទៅ។ វាបានកើតឡើងនៅអំឡុងពេលដែលស្ថានការណ៍ការទូតរវាង ប្រទេសចិន និងហ្វីលីពីន កំពុងឡើងកម្តៅជាខ្លាំងខណៈហ្វីលីពីនប្រកាសគាំទ្រសាលក្រមតុលាការឡាអេ និងគ្រោង យកវាទៅពិភាក្សាជាមួយចិន ប៉ុន្តែប្រទេសចិនមិនទទួលស្គាល់សេចក្តីនោះឡើយ។
លោក Wu Shengli មេបញ្ជាការនៃកងទ័ពរំដោះប្រជាជនចិន បានប្រាប់សមភាគីអាមេរិកលោកឧត្តមនាវីឯក John Richardson ថា «យើងនឹងមិនបញ្ឈប់ការសាងសង់នៅលើប្រជុំកោះ Nansha ទាំងកណ្តាលទីនោះទេ។ កោះនេះ ជាដែនដីរបស់យើង ហើយសំណង់នានាត្រូវបានកសាងដោយមាន ហេតុផល ភាពត្រឹមត្រូវ និងស្របច្បាប់»។
គួរបញ្ជាក់ថាឈ្មោះ Nansha នេះគឺសំដៅទៅលើប្រជុំកោះដែលអន្តរជាតិហៅថា Spratlys នៅក្នុងតំបន់ សមុទ្រចិនខាងត្បូង ដែលហ្វីលីពីនចោទចិនថាកំពុងកសាងកោះ សប្បនិមិត្ត និងសំណង់មួយចំនួនទៀត ក្នុងគោលដៅ ប្រើប្រាស់លើវិស័យយោធា៕